You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន១០កញ្ចប់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន១០កញ្ចប់

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី៤៧ ភូមិ០៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងតាមដាននូវសកម្មភាព របស់ជនសង្ស័យខាងលើ ពីកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាយូរមកហើយ ទើបអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ ដោយជោគជ័យ ស្របពេលដែលគេបំរុងយកគ្រឿងញៀនទាំងនោះ ទៅចែកចាយបន្ត។

លោកឧត្តមសេនិយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន១០កញ្ចប់ ដែលមានទម្ងន់ស្មើ ៥.៨៧ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០១គ្រាប់
២-ម៉ូតូ ចំនួន០២គ្រឿង
៣-ទូរស័ព្ទ ចំនួន០៩គ្រឿង
៤-ប្រាក់រៀល ចំនួន៣ម៉ឺនរៀល
៥-ប្រាក់ដុល្លា ៣០ដុល្លា
៦-លុយបាត ចំនួន១០០បាត
៧-ដបជក់ ចំនួន២ដប
៨-ខ្សៀជក់ ចំនួន០៧
៩-ដែកកេះ ចំនួន០៩
១០-កន្ត្រៃ ចំនួន០២
១១-ក្បាលផ្លុំ ចំនួន០១
១២-ក្បាលផ្សាផ្លុំថង់ ចំនួន០១
១៣-ជញ្ជីង ចំនួន០១គ្រឿង
១៤-ស្លាកលេខម៉ូតូ ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទ ម៉ាន់ ដាវីត)