You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តដល់នាយ នាយរងកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តដល់នាយ នាយរងកងរាជអាវុធហត្ថ

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី នាយស្នងការដ្ឋានផែនការកសាងកម្លាំង បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់នាយការិយាល័យ នាយផ្នែក នាយ នាយរង និងពលអាវុធហត្ថស្នងការ ស្នងការដ្ឋានផែនការកសាងកម្លាំងចំនួន១២៥នាក់ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។ ការផ្សព្វផ្សាយនេះដោយផ្តោតលើសភាពការណ៍សកលលោក សភាពការណ៍ជាតិអន្តជាតិ សភាពការណ៍កងរាជអាវុធហត្ថ
និងបទបញ្ជា៦ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវិ បានមានប្រសាសន៍ថា៖ ការផ្សព្វផ្សាយដល់ នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទីភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋដើម្បីរក្សាបាននូវសុខសន្តិភាពសុខដុមរមនា និងការអភិវឌ្ឍន៍ប្រទេសជាតិដែលកងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ និងមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់រក្សាស្ថិរភាពនយោបាយនិងពង្រឹងនីតិរដ្ឋ។

កងរាជអាវុធហត្ថបានចាប់បដិសន្ធិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ និងបានប្តូរឈ្មោះជាបន្តបន្ទាប់រហូត ដល់ថ្ងៃទី១៤ កក្កដា ឆ្នាំ១៩៩៣ កងរាជអាវុធហត្ថត្រូវបានបង្កើតឡើងវិញដោយអនុក្រិត្យលេខ៧៧ចុះថ្ងៃទី២១ ឆ្នូ ១៩៩៤ ដែលមានតួនាទីភារកិច្ចនិងបំពេញបេសកកម្មខុសពីកងទ័ព ដោយរ៉ាប់រងជាប៉ូលិសរដ្ឋបាល ជាប៉ូលិសតុលាការ ជាតម្រួតយោធា និងផ្តល់កម្លាំងទៅជួយក្រសួងនានាតាមស្នើសុំ ហើយមានសមត្ថកិច្ចពេញផ្ទៃប្រទេសទាំងលើជនស៊ីវិលនិងកងទ័ព និងស្ថិតក្រោមបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី ដោយមានបេសកកម្មក្នុងកាបង្ការ បង្ក្រាបនិងសង្គ្រោះ។
សិទ្ធិ និងកាតព្វកិច្ចនៃការទទួលខុសត្រូវរបស់កងរាជអាវុធហត្ថត្រូវគោរពតាមលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទនិងបទវិន័យទូទៅកងយោធពលខេមរភូមិន្ទ។
អាវុធហត្ថមានសិទ្ធិសេរីភាពដូចប្រជាពលរដ្ឋស៊ីវិលដែរ ប៉ុន្តែសិទ្ធិមួយចំនួនត្រូវបានហាមឃាត់។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី បានមានប្រសាសន៍ផ្តាំផ្ញើដល់នាយទាហាននិងពលទាហាននៃកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ក្តាប់ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួនត្រូវធ្វើការដោយគោរពច្បាប់ ការពារច្បាប់និងបង្ក្រាបបទល្មើស និងមិនត្រូវធ្វើអ្វីដោយខុសច្បាប់៕