You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងថ្នាំញៀនចំនួន១១៩កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងថ្នាំញៀនចំនួន១១៩កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោម០៥នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគៀនស្វាយ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់ទន្លេរ កោះតូច ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ និងបានចាប់យកថ្នាំញៀនចំនួន១១៩កញ្ចប់។

នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ប៊ុន រដ្ធា ហៅអាតើម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
០២. អុល វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ១៥ និង៣០នាទី ថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគៀនស្វាយ បានចេញប្រតិបត្តិការ បង្ការ ល្បាត ដើម្បីធានាសុវត្ថិភាព ជូនបងប្អូនប្រជាពលពលរដ្ឋនៅចំណុចកើតហេតុខាងលើ ស្រាប់តែដល់ចំណុច មាត់ទន្លេរ កោះតូច ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ កម្លាំងកងរាជអាវុធហត្ថ ក៏បានប្រទះឃើញរោងអនាធិបតេយ្យមួយ នៅមាត់ទន្លេរ ហាក់ដូចជាមានការសង្ស័យ កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅក្នុងរោងនោះ ដើម្បីពិនិត្យមើល ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០៥នាក់នៅក្នុងរោងនោះ។ ប៉ុន្តែពេលឃើញកម្លាំងកងរាជអាវុធហត្ថភ្លាម ជនសង្ស័យទាំង០៥នាក់នោះ បានព្យាយាមរត់គេចខ្លួន ដោយលោតចូលទន្លេ ធ្វើអោយកម្លាំងកងរាជអាវុធហត្ថមានការសង្ស័យ ក៏បានដេញចាប់ ឃាត់ខ្លួនបានចំនួន០២នាក់ រហូតដល់ចំណុចស្រុកល្វាឯម នៅពេលដែលជនសង្ស័យនោះ ព្យាយាមរត់ឡើងលើច្រាងទន្លេ។

លោកឧត្តមសេនិយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន១១៩កញ្ចប់
០២. ជញ្ជីង ចំនួន០១គ្រឿង
០៣. កាំភ្លើងច្នៃ ០១ដើម
០៤. គ្រាប់កង់មួយប្រអប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ចំណែកជនសង្ស័យចំនួន០៣នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុថហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។


(អត្ថបទ ម៉ាន់ ដាវីត)