You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាមួយថ្នាំញៀនចំនួន៦៤កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាមួយថ្នាំញៀនចំនួន៦៤កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន០៦នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៣ និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់អូរក្រោយភូមិ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១.ប៉ាវ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល
២.ថុល វណ្ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល
៣.វ៉ាន វី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល
៤.សុិន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកពាមរក៍ ខេត្តព្រៃវែង
៥.កែវ ទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ទីលំនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង
៦.លី ក្តី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ភ្នាក់ងារ បានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០៦នាក់នេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចមូលដ្ឋានខាងលើ។ ហើយការឃាត់ខ្លួននេះ គឺធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយ លោកឧត្តមសេនីយ៍ត្រី បានទទួលពត៌មានពីប្រជាពលរដ្ឋ ថាមានយុវជនមួយក្រុមកំពុងសេពគ្រឿងញៀន នៅចំណុចខាងលើ លោកឧត្តមសេនីយ៍ត្រី ក៏បានដាក់បទបញ្ជាអោយកម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ទើបអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានដោយជោគជ័យ។

ភ្នាក់ងារ បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន៦៤កញ្ចប់
២. ទូរស័ព្ទ ចំនួន០៤ គ្រឿង
៣. ដាវសាម៉ូរៃ ចំនួន០២ដើម និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទ ម៉ាន់ ដាវីត)