បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៦ និង២៥នាទី ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការថ្លែងឱ្យដឹងពី មន្ត្រី កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ កេន ស្មាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅភូមិអូរដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់អោយចាប់ខ្លួនលេខ២៩៩ ចុះថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៦ របស់លោក យាប់ មេត្តា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បាត់ដំបង ដែលបានចោទប្រកាន់ជនសង្ស័យខាងលើ ពីបទ រក្សាទុក និងចែកចាយនូវសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)