កំពង់ចាមៈ នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួច។
នេះបើតាមការថ្លែងឱ្យដឹងពី មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ជា រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខឯកជន មានទីលំនៅមិនពិតប្រាកដ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អំ ចាន់ធឿន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលបានប្តឹងជនសង្ស័យខាងលើថាបានលួចម៉ូតូរបស់ខ្លួន
ចំនួន០១គ្រឿង ម៉ាក សេ១២៥ សេរី២០១៤ ពាក់ស្លាកលេខតាកែវ ១J ២៧១៤ ដែលទុកនៅក្រោមផ្ទះ ស្ថិតនៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូដូចជាការចោទប្រកាន់ពិតប្រាកដមែន រួចរូបគេក៏បានជិះម៉ូតូនោះ សំដៅមកភ្នំពេញ ក៏ប៉ុន្តែត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំកន្លងមកហើយ ពីបទប្លន់ប្រដាប់អាវុធ និងបច្ចុប្បន្នកំពុងប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)