ភ្នំពេញៈ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ បានរៀបចំពិធីប្រកាសមុខងារ កងអនុសេនាធំចល័តលេខ២៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានផែនការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យ នាយរង និងពលអាវុធហត្ថជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ព្រហ្ម ច័ន្ទរិទ្ឌី នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសេចក្តីសម្រេចស្តីពីការរៀបចំក្របខ័ណ្ឌចាត់តាំងកងអនុសេនាធំចល័តលេខ២៧ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាននាយ នាយរងនិងពលអាវុធហត្ថចំនួន៩៣នាក់ ចែកជា០៣កងអនុសេនាតូច ចុះហត្ថលេខាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី បានមានប្រសាសន៍ថាៈ ក្នុងនាមជំនួសមុខអោយមេបញ្ជាការ និងក្នុងនាមជាស្នងការស្នងការដ្ឋានផែនការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះស្នាដៃនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផល ជាផ្លែផ្កាគួរជាទីមោទនៈ។
ការប្រកាសកងអនុសេនាធំចល័តលេខ២៧នៅពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ និងទំនុកចិត្តពីរាជរដ្ឋាភិបាល ពីក្រសួងការពារជាតិ អគ្គបញ្ជាការ និងពី មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយ នាយរងអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីមិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្កីសុខជូនប្រជាពលរដ្ឋនឹងប្រទេសជាតិ។
ឯកឧត្ដម បានបន្តទៀតថា ប្រតិបតិ្តការកន្លងមករបស់កងរាជអាវុធហត្ថតែងតែគោរពច្បាប់ គោរពបទបញ្ជា ក្រុមសីលធ៌ម វិជ្ជាជីវៈ និងគោរពសិទ្ធមនុស្សធ្វើអោយមានការគាំទ្រពីប្រជាពលរដ្ឋពីមជ្ឍដ្ឋានមហាជនក្នុងប្រទេស ក្រៅប្រទេស និងបានចាត់ទុកកម្លាំងកងរាជអាវុធហត្ថជាកម្លាំងមួយមិនអាចខ្វះបានជាពិសេសនៅក្នុងការរួមចំណែកការពារសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈនិងពង្រឹងការអនុវត្តន៍និតិរដ្ឋនៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្ដម ក៏បានផ្គាំផ្ញើរដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ត្រូវមានការសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ឯកភាពជាធ្លុងមួយរវាងមេបញ្ជាការ និងអ្នកនៅក្រោមឱវាទ ជាពិសេសការគោរពឱ្យបាននូវអនុសាសន៍ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្សព្វផ្សាយ៤ចំណុចសំខាន់ៗនោះព្រមទាំងការយកចិត្តទុកដាក់ពង្រឹងនៅតួនាទីភារកិច្ចរបស់ខ្លួនបន្តការអប់រំយុទ្ធសាស្ត្រនិងបំប៉នជំនាញអាវុធហត្ថដើម្បីសម្រេចបាននៅកិច្ចការងារស្នូលនិងសកម្មភាពដែលកងរាជអាវុធហត្ថទទួលបានជោគជ័យកន្លងមក៕
(អត្ថបទៈ ខៀវ ដារ៉ា)