ព្រះសីហនុៈ ដោយមានការតាំងចិត្តប្តេជ្ញា របស់ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទៅលើកិច្ចការងារបង្ក្រាបរាល់ភាពអសកម្ម ដែលកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ នៅវេលាម៉ោង ១១ និង២៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចផ្លូវសេតេក្រុមទី១២ ភូមិ០៣ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ និត សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងដោយមានការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងការតាមដានយ៉ាងយកចិត្តទុកដាក់ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទៅលើសកម្មភាពជនសង្ស័យខាងលើ និងបានប្រើវិធានការ ញ៉ុះញង់ ដើម្បីបញ្ឆោត អោយជនល្មើស បង្ហាញពីទីតាំងក្នុងការចែកចាយគ្រឿងញៀនទាំងនោះ ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន២៣កញ្ចប់ និងថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០១គ្រាប់
៣-លុយ ចំនួន១០ម៉ឺនរៀល
៤-ដាវសាំម៉ូរ៉ៃ ចំនួន០២
៥-ដបជក់ ចំនួន០១
៦-ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៧-ថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)