ព្រះសីហនុៈ នៅវេលាម៉ោង ១៦ និង៥០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០២នាក់ ជាតៃកុងរយន្តប្រភេទធំ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចចំណតរថយន្តស្រាបៀរអង្គរ ក្រុមទី១៥ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. យ៉ូ ជា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តស្រាបៀរអង្គរ មានស្រុកកំណើត ភូមិព្រាល២ ឃុំថ្មពូន ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ ក្រោយផ្សារសាន់ហាន់ (ទួលសង្កែរ) រាជធានីភ្នំពេញ
០២. លាង ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត
ស្រាបៀរអង្គរ មានស្រុកកំណើត ភូមិធំ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ មិនពិតប្រាកដ។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងក្រោមការណែនាំ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ត្រូវរឹតបណ្តឹងទៅលើអ្នកបើកបររថយន្តធំៗ ដែលជារឿយៗ តែងតែបង្ករគ្រោះថ្នាក់ នៅលើដងផ្លូវ។ លុះដល់វេលាថ្ងៃកើតហេតុ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចេញសកម្មភាពបង្ការ ល្បាតដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ នៅចំណុចកើតហេតុខាងលើ ពេលកម្លាំងកងរាជអាវុធហត្ថ ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ ហាក់ដូចជាមានការសង្ស័យ ក៏បានធ្វើការសាកសួរ និងបានសុំធ្វើការឆែកឆេរ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៤កញ្ចប់
២-ដែកកេះ ចំនួន០៤
៣-ដបជក់ ចំនួន០១
៤-លុយដុល្លា ចំនួន២០ដុល្លា
៥-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៦-ប័ណ្ណបើកបរ ចំនួន០២
៧-ថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ
៨-រថយន្ត ចំនួន០១គ្រឿង ប្រភេទកុងតឺន័រដឹកស្រាបៀរអង្គរ ពណ៌ក្រហមពាក់ស្លាកលេខ ព្រះសីហនុ 3A-0432។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)