ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធីប្រកួតបាល់ទាត់អបអរសាទទិវាជ័យជំនះ ៧មករា នៅទីលានបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះត្រូវបានផ្តួចផ្តើមគំនិតដោយ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានកិច្ចសហការរៀបចំជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេមត់ និងមានជំនួយក្រុមអាជ្ញាកណ្តាលពីសហព័ន្ធបាល់ទាត់កម្ពុជាផងដែរ។
ថ្លែងក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់អបអរសាទទិវាជ័យជំនះ ៧មករា នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានរំលឹកពីគុណបំណាច់នៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលជាទិវានៃជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះមាតុភូមិ ប្រជាជន និងកសាងប្រទេសជាតិអោយមានការអភិវឌ្ឍន៍រីកចម្រើន រហូតដល់យើងមានអ្វីៗសព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។ នេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណាម្នាក់អាចយកមកបំភ្លៃបានឡើយ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការក៏បានជម្រុញយុវជនទាំងអស់អោយចូលរួមលេងកីឡាអោយបានច្រើន និងជៀសវាងអោយឆ្ងាយពីគ្រឿងញៀន។
(អត្ថបទ ៈ អ៊ាង ភារៈ)