ក្រចេះៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកន្រ្ទីង សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះអ៊ុីវ សុខហេង ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់
២.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង
៣.ទូរស័ព្ទ ចំនួន០២គ្រឿង
៤.ដែកកេះ ចំនួន០៦
៥.ថង់សំរាប់រំលែកគ្រឿងញៀន ចំនួន១៦០ថង់
៦.សំភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថខេត្ត ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេមានបក្ខពួកម្នាក់ទៀត មានឈ្មោះ ហេង រត្តនី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម នៅវេលាម៉ោង ១៦ និង០០នាទីល្ងាច ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានចេញប្រតិបត្តិការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនជនសង្ស័យ នោះ ដោយជោគជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន៤១កញ្ចប់ និងថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០១គ្រាប់
២- ទូរស័ព្ទ ចំនួន០១គ្រឿង
៣-កញ្ចប់បារីMEVIUSចំនួន០២កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)