You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបលោក ដាវ កុងវិញ លេខាទី១ ស្ថានទូតវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបលោក ដាវ កុងវិញ លេខាទី១ ស្ថានទូតវៀតណាម

ភ្នំពេញៈ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅសាលសាវនាការ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោក ដាវ កុងវ៉ិញ លេខាទី១ ស្ថានទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីត្រូវបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងត្រូវធ្វើមាតុភូមិនិវត្តន៍ នាពេលខាងមុខនេះ។

លោកដាវ កុងវ៉ិញ លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យរូបលោកបាន ជូបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោក បានបញ្ចប់បេសកកម្មការទូតនៅ ព្រះរាជាណាចក្រកម្ពុជា លើកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ ទទួលផ្លែផ្កាគួរជាទីមោទនៈ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ លោកដាវ កុងវ៉ិញ បានបន្ថែមថា ក្នុងរយៈពេលជាងបីឆ្នាំ ដែលលោកបានបំពេញបេសកកម្មការទូត លោកទទួលបានកិច្ចសហការល្អពីស្ថាប័នពាក់ពន្ធនានា ព្រមទាំងមានអនុស្សាវរីយ៍រាប់មិនអស់ ជាមួយនឹងប្រទេសកម្ពុជា។ ដោយឡែកចំពោះកងរាជអាវុធហត្ថ លោកក៏ទទួលបាននូវកិច្ចសហការល្អជាមួយគ្នាផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរ ដល់លោក ដាវ កុងវ៉ិញ សូមឲ្យមានសុខភាពល្អ សូមឲ្យដំណើរនិវត្តទៅវិញប្រកបដោយសុវត្ថិភាព ព្រមទាំងសម្រេចបាន ជោគជ័យក្នុងភារកិច្ចថ្មីដែលរដ្ឋាភិបាលប្រគល់ជូន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៍លើកឡើងពីទំនាក់ទំនង និងមានការសហការល្អ រវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក មានភាពល្អប្រសើរ និងមានភាពកក់ក្តៅ គឺដោយសារតែ លោកដាវ កុងវ៉ិញ ជាស្ពានចំលងតភ្ជាប់មត្តិភាព សាមគ្គីភាពដ៏ល្អ នាំមកនូវសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងប្រទេសជាតិទាំងពីរ មានភាពរឹងមាំ ប្រសើរទ្វេរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងខណៈនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានស្វាគមន៍អបអរសាទរចំពោះលោក ត្រិញ ហុងកឹង លេខាទី១ថ្មីនៃស្ថានទូត វៀតណាម ព្រមទាំងនិងខិតខំជំរុញឲ្យកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ដូចជាមួយនឹងលោក ដាវ កុងវ៉ិញផងដែរ។


(អត្ថបទ លឹម គា)