បាត់ដំបងៈ ស្ត្រីជាថៅកែភ្នាក់ងារវីងម្នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានកម្លាំងចម្រុះរួមមាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី និងកម្លាំងនគរបាលខេត្ត ធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណី ឆបោក និង ករណីរំលោភលើទំនុកចិត្ត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីមានបទបញ្ជារបស់ព្រះរាជអាជ្ញាធមសាលាដំបូងខេត្តរួចមក កម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនស្ត្រីថៅកែផ្ទះវេរលុយវីង ដែលមានយីហោ ចំរើនសុម៉ាលី ដែលមានអ្នកស្រី ជា សុមាលី អាយុ៣២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពាក់ព័ន្ធពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រភពបានឲ្យដឹងថា មានពាក្យបណ្តឹងពីរបានដាក់ចូលដល់សមត្ថកិច្ច និងតុលាការ ដែលពាក្យបណ្តឹងទី១ គឺជាអ្នករកស៊ីទិញស្រូវ ដែលតែងតែផ្ញើលុយទៅវិញទៅមកតាមរយៈផ្ទះវេរលុយវីងនេះ មានចំនួនទឹកប្រាក់៤០.០០០ដុល្លារ និងបណ្តឹងទី២ គឺពលករខ្មែរធ្វើការនៅប្រទេសថៃ បានវេរលុយមកក្រុមគ្រួសារតាមរយៈផ្ទះវេរលុយវីងខាងលើនេះ មានតម្លៃទឹកប្រាក់ច្រើនជាង៥សែនបាត ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដុតដៃដុតជើងពីក្រុមហ៊ុនវីង ស្រ្តី ជា សុម៉ាលី ត្រូវបានដោះលែង ប៉ុន្តែបញ្ហាប្រាក់សំណងចំពោះអតិថិជនមិនទាន់បាននិយាយដល់នោះឡើយ ។
ប្រជាពលរដ្ឋក្រីក្រនៃកម្ពុជា ក្នុងខេត្តភាគពាយព្យមួយនេះ ត្រូវក្រុមហ៊ុនវីង សហការជាមួយអ្នកស្រីជា សុម៉ាលី បោកប្រាស់ដោយគ្មានអាណិតអាសូរ ។
បើតាមប្រជាពលរដ្ឋមួយចំនួនដែលបានមកសំកុកសុំបើកលុយរបស់ខ្លួន ដែលកូនផ្ញើមកពីប្រទេសថៃ បាននិយាយថា មានអតិថិជនជាច្រើន ដែលព្យាយាមមកបើកលុយនៅផ្ទះវីងវេរលុយយីហោចំរើនសុម៉ាលី ប៉ុន្តែអ្នកស្រីជា សុម៉ាលី ព្យាយាមមិនព្រមមិនបើកលុយឲ្យ ។
ប្រភពពត៌មានបានឲ្យដឹងថា ស្ត្រី ជា សុម៉ាលី បានសារភាពថា ខ្លួនបានទទួលបញ្ញើពីក្រៅប្រទេស(ប្រទេសថៃ) និងក្នុងប្រទេសយ៉ាងច្រើន ហើយមិនបានបើកទៅឲ្យក្រុមគ្រួសារគេនោះមែន ។ ប្រភពបានបន្ថែមថា ស្ត្រីរូបនេះ បាននិយាយថា ខ្លួនស្ទះលុយមិនអាចបើកឲ្យអតិថិជនបានទាន់ពេល ។
តាមសេចក្ដីរាយការណ៍ពីបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ថា កម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីងវេរលុយយីហោ «ចំរើន សុម៉ាលី» ដែលជាប់សង្ស័យពីបទ «ឆបោក» ប្រាក់អស់រាប់លានបាតពីអតិថិជនរបស់ខ្លួន ស្ថិតនៅស្រុកមោងប្ញស្សី ដើម្បីសាកសួរដំណើររឿងសារជាថ្មី ។
បើតាមសេចក្ដីរាយការណ៍ថា ការសម្រេចនាំខ្លួនស្ត្រីខាងលើនេះ មកសាកសួរនាំជាថ្មីនៅពេលនេះ គឺធ្វើឡើងតាមបទបញ្ជារបស់ស្ថាប័នអយ្យការអមសាលាបំបូងខេត្ត និងបន្ទាប់ពីមានប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ បានសម្រុកទៅពាក្យបណ្ដឹង។
ស្ត្រីឈ្មោះ ជា សុម៉ាលី មានអាយុ៣២ឆ្នាំ ជាម្ចាស់ទីតាំងវីងវេរលុយដ៏ធំមួយ នៅក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ត្រូវអតិថិជនរបស់ខ្លួនរាប់សិបនាក់ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា ប្រើល្បិចបោកប្រាក់សរុបរាប់លានបាត ដែលកូនចៅពួកគាត់ធ្វើការនៅប្រទេសថៃ ផ្ញើមកឱ្យយជារៀងរាល់ខែនោះ ហើយស្ត្រីរូបនេះត្រូវព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០២ មករា កន្លងមក ។
លុះដល់ថ្ងៃទី៤ មករា ក្រោយពីបញ្ជូនដល់តុលាការ និងក្រោយពីសួរនាំ ក៏ត្រូវលោកចៅក្រមស៊ើសួរម្នាក់ បែរជាដោះលែងវិញ ដោយអះអាងថា ដាក់ឱ្យស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនយកមកសាកសួរបន្តនៅ អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។