កណ្តាលៈ ជនសង្ស័យចំនួន០៧នាក់ និងថ្នាំញៀនជិត៤០០កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន និងចាប់យកវត្ថុតាងទាំងនោះ ដើម្បីកសាងសំណុំរឿង ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់នោះ គឺធ្វើឡើងជា០៤លើក ដោយប្រតិបត្តិការលើកទី០១ធ្វើឡើងនៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ ឆោម ដារា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២០កញ្ចប់ ដែលមានទម្ងន់ស្មើ ៣៤.៣៤ក្រាម
០២. ជញ្ជីង ចំនួន០១គ្រឿង
០៣. ម៉ូតូ ម៉ាក ឌូក ចំនួន០១គ្រឿង និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថខេត្ត ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀនទាំងនោះយកទៅវិចខ្ចប់នៅផ្ទះប្រពន្ធរបស់ខ្លួន ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថបានចុះទៅឆែកឆេរលំនៅដ្ឋាននោះ ដោយចាប់យកបាននូវសម្ភារៈសម្រាប់សេព និងវេចខ្ចប់មួយចំនួន។
ជនសង្ស័យទី០១ដដែលនោះ បានឆ្លើយសារភាពបន្តទៀតថា ថ្នាំញៀនទាំងនោះរូបគេបានមកពីបក្ខពួកម្នាក់ទៀតមានឈ្មោះ ជិន ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា រាជធានីភ្នំពេញ ដែលជនសង្ស័យឈ្មោះ ជិន ស៊ីថា តែងតែយកទៅចែកចាយបន្តនៅចំណុច លើចិញ្ចើមផ្លូវជាតិលេខ៦A ជិតផ្សារព្រែកអញ្ចាញ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម នៅវេលាម៉ោង ២២ និង៣៥នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថ ក៏បានពួនស្ទាក់ ដើម្បីរង់ចាំធ្វើការឃាត់ខ្លួនជនសង្ស័យនោះ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថក៏បានប្រទះឃើញជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនបានដោយជោគជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន៨០កញ្ចប់ ដែលមានទម្ងន់ស្មើ ២៥.៨០ក្រាម
០២. ម៉ូតូ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យទី០២នោះ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមកជនសង្ស័យទី២នោះ បានឆ្លើយសារភាពថា រូបគេមានបក្ខពួកមួយចំនួនទៀត ដែលតែងតែយកទៅចែកចាយបន្ត គឺរស់នៅក្នុងបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម នៅវេលាម៉ោង ២៣ និ៤៤នាទី ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសុំការសហការពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ រួមមានឈ្មោះៈ
០១. ហោ ឌីណា ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ (ជាអ្នកជួញដូរ)
០២. ឈុន ដានី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្លឹប ស៊ីធធី ស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា រាជធានីភ្នំពេញ (ជាអ្នកប្រើប្រាស់)
០៣. ហេង ស្រីហុង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការក្នុងហាងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាអ្នកប្រើប្រាស់) និងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន១០កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៦៩ក្រាម។
បន្ទាប់មកជនសង្ស័យទាំង០៣នាក់នោះ ត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានខេត្តដើម្បីសាកសួរបន្ត។ ក្នុងចំណោមជនសង្ស័យទាំង០៣នាក់នោះ ជនសង្ស័យឈ្មោះ ហោ ឌីណា បានឆ្លើយសារភាពថា ខ្លួនតែងតែយកថ្នាំញៀនទាំងនោះ ពីមិត្តភ័ក្ត្រម្នាក់ទៀត ដែលរស់នៅផ្ទះអ៊ុយសក់ យីហោ អានី កែសម្ផស្ស ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានចម្លើយសារភាព នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ច សុំការសហការ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀតដែលនៅកន្លែងកើតហេតុ រួមមានឈ្មោះៈ
០១. ហុក ស៊ីថា ហៅ ស្រីដា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ បច្ចុប្បន្នស្នាក់នៅផ្ទះខាងលើ (ជួញដូរ)
០២. ប៉ោង លីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មកហូបបាយ) ។
ក្នុងការឃាត់ខ្លួននោះដែរ កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យក វត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន១៥០កញ្ចប់ ដែលមានទម្ងន់ស្មើ ៥២.៦៨ក្រាម
០២. ជញ្ជីង ចំនួន០១គ្រឿង និងសម្ភារៈសម្រាប់វិចខ្ចប់មួយចំនួន។
សរុបក្នុងការចេញប្រតិបត្តិការបង្ក្រាបទាំង០៤លើកនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់ ក្នុងនោះមានអ្នកប្រើប្រាស់ចំនួន០៤នាក់ និង០៣នាក់ទៀតជាអ្នកជួញដូរ និងបានចាប់យកគ្រឿងញៀនដែលមានទម្ងន់សរុបជាង១១១,៥៨ក្រាម ស្មើនឹង ៣៦០កញ្ចប់ ព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)