កំពតៈ នៅវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដងទង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន។
មន្ត្រីជំនាញកងរាជអាវុធហត្ថ បានអោយដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ភី ឆាយយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ
០២. អ៊ិន ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ
០៣. ញ៉ែត សារិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់
អ្នកទាំង០៣ រស់នៅចំណុចកើតហេតុខាងលើ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់
០២. ម៉ូតូ ចំនួន០២គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅមូលដ្ឋាន កងរាជអាវុថហត្ថ ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនៅសល់បក្ខពួកចំនួន០២នាក់ទៀត ដែលរួមមានឈ្មោះ ៖
០១. សៀង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ
០២. ស៊ឹម លីថូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ
អ្នកទាំង០២នាក់នោះ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
បន្ទាប់ពីទទួលបានចម្លើយសារភាព នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានសុំការពី កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់នោះ ដោយជោគជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៤០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕