You are currently viewing ឃាត់ខ្លួនព្រះសង្ឃចំនួន០២អង្គ ជាមួយថ្នាំញៀនចំនួន០៦កញ្ចប់

ឃាត់ខ្លួនព្រះសង្ឃចំនួន០២អង្គ ជាមួយថ្នាំញៀនចំនួន០៦កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន០២នាក់ ជាលោកសង្ឃ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១ និង៥១នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងវត្តព្រះសីហនុរាជឈូងលាភ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ។

នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ខឹម ខេមរះ ភេទប្រុស អាយុ១៧ឆ្នាំ ជាព្រះសង្ឃ គង់ក្នុងវត្តព្រះសីហនុរាជឈូងលាភ
០២. ឈុន រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រះសង្ឃ គង់នៅវត្តព្រះសីហនុរាជឈូងលាភ

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់
០២. ទូរស័ព្ទ ចំនួន០៣គ្រឿង។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ១១ និង០០ ថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានទទួលពត៌មាន ពីបងប្អូនប្រជាពលរដ្ឋនៅចំណុចកើតហេតុ ខាងលើថា មានព្រះសង្ឃកំពុងប្រើប្រាស់ គ្រឿងញៀន។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនព្រះសង្ឃចំនួន០២អង្គ និងវត្ថុតាងមួយចំនួនខាងលើ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

(អត្ថបទៈ ម៉ាន់ ដាវីត)