ព្រះសីហនុៈ នៅវេលាម៉ោង០២ និង២០នាទីទាបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធជាមួយករណីឆបោក។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សូត្រ វៃ ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើត ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នរស់នៅផ្ទះជួលក្បែរស្ពានLV ភូមិ2សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានខ្ចីម៉ូតូមិត្តភ័ក្ត្រឈ្មោះ ហេង បូរ៉េត ភេទប្រុស អាយុ២១ឆ្នាំ ហើយបានប្រគល់ទៅអោយ ឈ្មោះ សីហា (ជនសង្ស័យទី២) ដែលធ្វើសន្តិសុខនៅក្រុមហ៊ុន អេចប៊ីសុីអេស សុីឃ្យូរីធី រួចបានជិះគេចខ្លួនទៅបាត់។ ដោយមានការសង្ស័យ ថាជាការរួមគំនិតឆបោក ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ អោយជួយអន្តរាគមន៍ ឃាត់ខ្លួន។
នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានផ្សំគំនិតឆបោកម៉ូតូជនរងគ្រោះ ដូចជាការចោទប្រកាន់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បី ចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យម្នាក់ទៀតជាបក្ខពួក ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទៈ ម៉ាន់ ដាវីត)