You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នការស៊ើបអង្កេតក្នុងរឿងក្តីព្រហ្មទណ្ឌ

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នការស៊ើបអង្កេតក្នុងរឿងក្តីព្រហ្មទណ្ឌ

ភ្នំពេញៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស វេលាម៉ោង៨ និង៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បានប្រារព្ធពិធីបើកវគ្គបំប៉នការស៊ើបអង្កេត ក្នុងរឿងក្តីព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ និងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ជាគណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយស សិក្ខាកាម ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

លោក វរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺន បានឡើងអានរបាយការណ៍ជម្រាបជូនអង្គពិធីថា កម្មវិធីរៀនសូត្រក្នុងវគ្គនេះមានចំនួន២ថ្ងៃស្មើនឹង១២ម៉ោង និងខ្លឹមសារមេរៀនមានដូចជា ទ្រឹស្តីនិងវិធានការជាមូលដ្ឋានពាក់ព័ន្ធតួនាទី ភារកិច្ចរបស់នគរបាលយុត្តិធម៌, អត្ថន័យនិងខ្លឹមសារនៃការស៊ើបអង្កេត ភស្តុតាង គោលការណ៍ ព្រំដែននៃការស៊ើបអង្កេត, នីតិវិធីអនុវត្តនៅនឹងកន្លែងស៊ើបអង្កេត របៀបកំណត់អត្តសញ្ញាណជនសង្ស័យ របៀបធ្វើឯកសាររបួស ការទំនាក់ទំនងជាមួយសាក្សី, ការស្តាប់ចម្លើយ ក្រូណូសំណុំរឿង របាយការណ៍នៃការស៊ើបអង្កេត ការចុះបញ្ជីរាយលិខិត និងបង់លេខឯកសារ។

ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានឡើងថ្លែងសន្ទរកថាដោយលើកឡើងថា ពិធីនេះបានសម្តែងឱ្យឃើញ ពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ ជុំវិញជំនាញវិជ្ជាជីវៈរបស់មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីឈានទៅពង្រឹងលក្ខណៈសម្បត្តិ សមត្ថភាព គុណភាព ប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការបង្ក្រាបដែលជាតួនាទី ភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចផ្សេងទៀត។

ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនយើងក្នុងសង្គមទាំងមូលត្រូវបានប្រែប្រួល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ។

ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការអនុវត្តយុទ្ធនាការ ប្រយុទ្ធនិងបង្ក្រាបការកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, ការធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់។ ក្នុងពេលអនុវត្តព្រមៗគ្នានេះ ទាមទារឱ្យសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាពយល់ដឹងនិងមានវិធានការបង្ក្រាបឱ្យខានតែបាន គ្រានេះសមត្ថកិច្ចយើងក៏យល់ច្បាស់ហើយថា បច្ចុប្បន្នជនល្មើសកាន់តែមានល្បិចកលខ្ពស់ ដើម្បីគេចពីការបង្ក្រាបរបស់សមត្ថកិច្ច ដូច្នេះទាមទារឱ្យសមត្ថកិច្ចយើង ត្រូវបង្កើនសមត្ថភាពទ្វេរឡើង ដោយមានវិធានការទៅលើជនល្មើស ឈានដល់ការកាត់បន្ថយនិងលុបបំបាត់រាល់បទល្មើសនានា ដែលបង្កអសន្តិសុខក្នុងសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ដូច្នេះយើងត្រូវចេះចាំអំពីទ្រឹស្តីពាក់ព័ន្ធបទល្មើស ធាតុផ្សំបទល្មើស ការវិវឌ្ឍនៃអំពើល្មើស និងវិធានការជាមូលដ្ឋានពាក់ព័ន្ធនឹងតួនាទី ភារកិច្ចរបស់នគរបាលយុត្តិធម៌។ ការប្រកាន់គោលការណ៍នៃមាត្រាច្បាប់ ក្នុងនោះគឺក្រមនីតិវិធីព្រហ្មទណ្ឌដែលជាត្រីវិស័យបំភ្លឺផ្លូវ ដល់កិច្ចការបង្ក្រាបគ្រប់ស្ថានភាពនិងគ្រប់ពេលវេលា ដែលមន្ត្រីប្រតិបត្តិច្បាប់ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន ដោយមិនអាចខ្វះបាន។

ក្នុងករណីការបង្ក្រាបរបស់មន្ត្រីនគរបាលយុត្តិធម៌អនុវត្តទៅមានភាពចន្លោះប្រហោងមិនគ្រប់នីតិវិធី វាមិនត្រឹមតែធ្វើឱ្យជនល្មើសដែលបានប្រព្រឹត្តបទល្មើស ត្រូវរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះមិនបានទទួលយុត្តិធម៌ទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសដល់កងរាជអាវុធហត្ថតាមការអញ្ជើញស្នើសុំមកធ្វើបទបង្ហាញ និងឧទ្ទេសនាមនូវកម្រងឯកសារមូលដ្ឋានមួយចំនួនដែលពាក់ព័ន្ធនឹងការងារព្រហ្មទណ្ឌដល់មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថនាពេលនេះ។



(អត្ថបទៈ ឧ.អេង ហ៊ី)