បាត់ដំបងៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ស៊ូ ខឿន ភេទស្រីអាយុ៥១ឆ្នាំ មុខរបរកសិករ រស់ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
០២. ម៉ែន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងលាសា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត
០៣. ឆុន សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិដូនដីឃុំជ្រៃវៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម
០៤. វ៉ាន់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង
ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ស្ថិតនៅចំណុចខាងលើ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានធ្វើការតាមដាននូវសកម្មភាព របស់ពួកគេ ជាច្រើនថ្ងៃមកហើយ ទើបអាចឈានទៅដល់ការឃាត់ខ្លួនបាន នៅថ្ងៃកើតហេតុខាងលើ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន ១០៤គ្រាប់
០២. ទូរស័ព្ទ ចំនួន០៣គ្រឿង
០៣. ឧបករណ៍ សម្រាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)