ភ្នំពេញ៖ វេលាម៉ោង១៦និង០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបំប៉នការស៊ើបអង្កេតក្នុងរឿងក្តីព្រហ្មទណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ព្រមទាំងមានសិក្ខាកាមចំនួន៨៩នាក់ចូលរួមផងដែរ។
វគ្គបំប៉ននេះ មានរយៈពេល២ថ្ងៃស្មើនឹង១២ម៉ោង និងសិក្សាអំពីការស៊ើបអង្កេតក្នុងរឿងក្តីព្រហ្មទណ្ឌ។ ឯកឧត្តម ស្វាយ សំណាង បានធ្វើបទបង្ហាញដល់សិក្ខាកាម ដោយលើកយកច្បាប់និងបទពិសោធន៍ល្អៗអំពីការស៊ើបអង្កេត ព្រមទាំងលើកយកឧទាហរណ៍មកបញ្ជាក់ទៀងផង ដើម្បីឱ្យសិក្ខាកាមទាំងអស់ងាយយល់។
ក្នុងឱកាសពិធីបិទវគ្គនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តមស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ រួមចំណែកជាបន្តបន្ទាប់ ក្នុងការធ្វើបទបង្ហាញនិងឧទ្ទេសនាមដល់មន្ត្រីកងរាជអាវុធហត្ថ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ការងារបណ្តុះបណ្តាលហ្វឹកហ្វឺនរៀនសូត្រ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស គឺពិតជាមានសារៈសំខាន់ណាស់ យើងធ្វើការបណ្តុះបណ្តាល បំប៉ន និងធ្វើការហ្វឹកហ្វឺនជំនាញឯកទេស ជំនាញវិជ្ជាជីវៈ រៀងរាល់ឆ្នាំជាប្រចាំ ធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថ សម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន រួមចំណែកការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ការពារ-ទប់ស្កាត់និងធ្វើការស្រាវជ្រាវ បង្ក្រាបនូវរាល់បទល្មើសនានា ការពារយុត្តិធម៌សង្គម ពង្រឹងនីតិរដ្ឋ បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍលើគ្រប់វិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ ត្រូវយកលទ្ធផលនៃចំណេះដឹងដែលទទួលបាននេះ ទៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដោយគោរពច្បាប់ បទបញ្ជា វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិសេរីភាពមនុស្ស ព្រមទាំងរក្សាបាននូវភាពថ្លៃថ្នូរ សក្តិសមជាមន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ។
មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់នូវបណ្តាចំណុចសំខាន់ៗដូចខាងក្រោម៖
១.ការស្តាប់ចម្លើយធ្វើកំណត់ហេតុត្រូវដកស្រង់តាមដោយត្រឹមត្រូវ នូវសេចក្តីរាយការណ៍របស់បុគ្គលដែលផ្តល់ចម្លើយ។ អ្នកស្តាប់ចម្លើយមិនត្រូវប្រើនូវអំពើហិង្សា ធ្វើទារុណកម្ម គំរាមគំហែង និងបំភិតបំភ័យ ដើម្បីទទួលបាននូវចម្លើយសារភាពនោះទេ ឬបង្ខំបុគ្គលដែលផ្តល់ចម្លើយឱ្យផ្តិតម្រាមដៃឡើយ។ យើងត្រូវខិតខំស្រាវជ្រាវរកវត្ថុតាងដែលស៊ីសង្វាក់ទៅនឹងអង្គហេតុនៃបទល្មើសជាការប្រសើរជាង។
២.ការឃាត់ខ្លួនគឺជាអំណាចដ៏សំខាន់ដែលច្បាប់បានផ្តល់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ដើម្បីធានាប្រយោជន៍នៃការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ។ ប៉ុន្តែច្បាប់ក៏បានកំណត់អំពីថិរវេលានៃឃាត់ខ្លួនដែរ គឺបានតែ៤៨ម៉ោង និងអាចពន្យារពេលបាន២៤ម៉ោងទៀតចំពោះបទឧក្រិដ្ឋ។ កាលណាមានការឃាត់ខ្លួនបុគ្គលណាមួយ យើងត្រូវប្រាប់ឱ្យដឹងអំពីមូលហេតុនៃសេចក្តីសម្រេចឃាត់ខ្លួន ប្រាប់អំពីជំនួយរបស់មេធាវី និងអំពីជំនួយរបស់គ្រូពេទ្យ។ល។
៣.រាល់ការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈការបំពានលើការសម្ងាត់នៃការស៊ើបអង្កេត គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ ទន្ទឹមនឹងនោះដែរ អស់លោកត្រូវតែគោរពវិធាននិងទម្រង់ការដែលបានបញ្ញត្តនៅក្នុងមាត្រា នៃក្រមនីតិវិធីព្រហ្មទណ្ឌ បើមិនដូច្នេះទេនឹងនាំឱ្យមានមោឃភាពនៃកិច្ចនីតិវិធី។
៤.បន្តធ្វើការសិក្សាស្រាវជ្រាវ ឈ្វែងយល់ និងរៀនសូត្របន្ថែមអំពីច្បាប់និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងយកពិសោធន៍នៅពេលអនុវត្តជាក់ស្តែង បង្កើនប្រសិទ្ធភាពនិងគុណភាពការងារ។ ជាពិសេស ប្រសិនបើអស់លោកមិនយល់ច្បាស់ចំណុចណាមួយ អស់លោកអាចសុំសួរដោយផ្ទាល់ជាមួយឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍។ ព្រោះច្បាប់ គឺកំណត់ឱ្យបុគ្គលគ្រប់រូបត្រូវតែគោរពតាមដាច់ខាត់ បើមិនគោរព ឬអនុវត្តខុសនឹងច្បាប់ ត្រូវតែទទួលការផ្តន្ទាទោសតាមច្បាប់។
៥.ពង្រឹងស្មារតីសាមគ្គី-ឯកភាពផ្ទៃក្នុង និងធ្វើសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការបំពេញតួនាទី-ភារកិច្ច ជាពិសេសធ្វើអំពីល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបាននូវទំនុកចិត្ត និងការផ្តល់ព័ត៌មានបទល្មើសផ្សេងៗ។
៦.ត្រូវតាំងចិត្ត ឧស្សាហ៍ព្យាយាម អប់រំប្រកាប់ខ្ជាប់ខ្ជួន និងកសាងខ្លួនជាមន្ត្រី៖ ស្មោះត្រង់ ស្អាតស្អំ សុភាពរាបសា ឆ្លាតវៃ និងក្លាហាន។
៧.ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេស ចូលរួមយុទ្ធនាការប្រយុទ្ធនិងបង្ក្រាបបទល្មើសដូចជា ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច បង្ខាំងមនុស្សខុសច្បាប់ រំលោភសេពសន្ថវៈ, ការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់, ការជួញដូរមនុស្សខុសច្បាប់, បទល្មើសធនធានធម្មជាតិ ការកាប់ ដឹកជញ្ជូន នាំចេញឈើខុសច្បាប់, ការរានដីរដ្ឋដោយខុសច្បាប់, អាជីវកម្មរ៉ែនិងខ្សាច់ខុសច្បាប់, ព្រមទាំងបទល្មើសជលផល។ល។
(អត្ថបទៈ ឧ.អេង ហីុ)