កំពង់ធំៈ នៅវេលាម៉ោង១៣ និង៤០នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៌ ខេត្តកំពង់ធំ ។
លោក វរៈសេនីយ៍ត្រី ឃុនបុ៊នហួរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.រថយន្តម៉ាក នីសាន់ ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ចំនួន១៧ដុំ ស្មើ១,៣០០ម៉ែត្រគូប។
លោក វរៈសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាម្ចាស់រថយន្ត ដែលមានឈ្មោះ ជៀម ហុច ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូព្រៃទទឹង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)