ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារ កសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ឯក ចំនួន៦៧រូប ដល់នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បានមានប្រសាសន៍ថា ពិធីបំពាក់ឋានន្តរសក្តិ នាពេលនេះបានបង្ហាញ ពីការយកចិត្តទុកដាក់និងមានទំនុបចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នៃកងរាជអាវុធហត្ថ ដែល បានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ការពារសន្តិសុខសង្គម សណ្តាប់ ធ្នាប់សាធារណះ ដើម្បីបំរើភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ ស្របតាមកំណែទម្រង់របស់ កងយោធពលខេមរភូមិន្ទ ពិសេសកំណែទម្រង់របស់កងរាជអាវុធហត្ថ តាមរចនាសម្ព័ន្ធចាត់តាំងថ្មីផងដែរ។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លែខ្ពស់ ចំពោះសា្នដៃដែលនាយទាហានជាន់ខ្ពស់ទាំង៦៧រូប និងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវ ខ្ពស់ សម្រេចបានលទ្ធផល ជាផ្លែផ្កាគួរជាទីមោទនះ ជូនជាតិមាតុភូមិ។
កន្លងមក កម្លាំងកងរាជអាវុធហត្ថ នៅទូទាំងប្រទេស បានខិតខំ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ តម្រួត យោធា និងផ្តល់កម្លាំងដល់អន្តរក្រសួងតាមការស្នើសុំ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បំពេញ បេសកកម្ម បង្ការ បង្រ្កាប និងសង្គ្រោះប្រកបដោយប្រសិទ្ធភាព ដែលគ្រប់ប្រតិបត្តិការ របស់កងរាជអាវុធហត្ថ តែងតែគោរពតាមច្បាប់ គោរពបទបញ្ជា គោរពក្រមសីលធម៌វិជ្ជាជីវះ និងគោរពសិទ្ធិមនុស្ស ធ្វើឲ្យមានការ គាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ អន្តរជាតិ និងបានចាត់ទុកកម្លាំងកងរាជអាវុធហត្ថ ជាកម្លាំងមួយផ្នែក ដែលមិនអាចខ្វះបាន ក្នុងរួមចំណែកការពារសន្តិសង្គម សណ្តាប់ធ្នាប់សាធារណះ និងពង្រឹងការអនុវត្តច្បាប់ នៅព្រះរាជណាចក្រកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ក៏បានជម្រាបជូនអង្គពិធីផងដែរ ពី ទស្សនវិស័យក្នុងការដឹកនាំ នាពេលបច្ចុប្បន្ននិងទៅអនាគតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើ យ៉ាងណាឲ្យកម្លាំងអាវុធហត្ថ មានភាពរឹងមាំទាំងបរិមាណ ទាំងគុណភាព ដើម្បីរ៉ាប់រងភារកិច្ចដែលរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូន ពីព្រោះប្រតិបត្តិការរបស់ កងរាជអាវុធហត្ថ មានឧបនិស្ស័យជាអន្តរក្រសួង ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិល កម្លាំងប្រដាប់-អាវុធ ក្រសួងស្ថាប័នរបស់រដ្ឋ និងប្រព័ន្ធតុលាការ។
ហេតុដូច្នេះទៀមទារឲ្យកម្លាំងរាជអាវុធហត្ថ ត្រូវមាន សមត្ថភាពខ្ពស់ មានចំណេះដឺងផ្នែកយោធា ស៊ីវិល ច្បាប់ និងគោរពសិទ្ធិមនុស្ស និងបានយកចិត្តទុកដាក់អប់រំ ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពបុគ្គលិកកងរាជអាវុធហត្ថទាំងនៅស្ថាប័ន អង្គភាព និងនៅសាលា ឲ្យប្រកាន់ ភ្ជាប់នូវសីលទាំងប្រាំរបស់កងរាជអាវុធហត្ថ ព្រមទាំងហ្វឹកហ្វឺនកសាងធនធានមនុស្សឲ្យមានគុណភាព៥ប្រាំ យ៉ាងគឺ មានសមត្ថភាពស្ទាត់ជំនាញវិជ្ជាជីវៈ មានកម្លាំងខ្លាំងក្លា មានភាពរហ័សរហួន មានភាពក្លាហាន មានវិន័យ និងមានសេចក្តីថ្លៃថ្នូរ។
(អត្ថបទ លឹម គា)