You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថចំនួន២៥រូប។
ក្នុងនោះមានថ្នាក់វរសេនីយ៍ទោ ចំនួន០៩រូប និងថ្នាក់វរសេនីយ៍ត្រី ចំនួន១៦រូប។

ពិធីនេះប្រារព្វឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន១៥០នាក់ ។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ក្នុងពិធីបំពាក់ឋានន្តរសក្តិនាពេលនេះថា ក្នុងនាម ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមខ្លួនលោកផ្ទាល់ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយអាវុធហត្ថទាំង25រូប និងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងបេសកកម្ម របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលជាទីមោទនះជូនជាតិមាតុភូមិ។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកកម្លាំងកងរាជអាវុធហត្ថ ទូទាំងប្រទេស ក៍ដូចកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានខិតខំ បំពេញតួនាទី ភារកិច្ច របស់ខ្លួន ជា នគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ តម្រួតយោធា និងផ្ដល់កម្លាំងដល់អន្តរក្រសួងតាមការស្នើសុំ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បំពេញ បេសកកម្ម បង្ការ បង្ក្រាប និងសង្រ្គោះ ប្រកបដោយប្រសិទ្ធភាព ជាពិសេស កងរាជអាវុធហត្ថ តែងតែគោរពច្បាប់ គោរព បទបញ្ជា គោរព ក្រមសីលធម៌វិជ្ជាជីវះ និងគោរព សិទ្ធមនុស្ស ធ្វើអោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្ថែមទៀតថា យោងតាមបទបញ្ជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នឹងត្រៀមធ្វើកោសល្យវិច្ច័យលើទឹកនោមចំពោះអាវុធហត្ថទូទាំងខេត្ត ដើម្បីរកសារធាតុញៀន បើសិនជា នាយ នាយរង និងពលអាវុធហត្ថណាមានសារធាតុ ត្រូវកាត់ឈ្មោះចេញពីក្របខណ្ឌ។ ហើយបន្ទាប់មកទៀតត្រូវធ្វើកោសល្យវិច្ច័យដល់អ្នកបើកបររថយន្តគ្រប់ភេទផងដែរ។


(អត្ថបទ ឡាក់ ភី)