ក្រចេះៈ នៅវេលាម៉ោង០៩ និង៤០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិកាប៉ូ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សន សុផេត ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកាប៉ូ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
២. សន សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកាប៉ូ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
២.ទូរស័ព្ទ ចំនួន០៥គ្រឿង
៣.កាបូបលុយ ចំនួន០១
៤. កន្រ្តៃចំនួន០១
៥. ថង់សំរាប់រំលែកគ្រឿងញៀន ចំនួន០២
៦.កញ្ចប់បារី ចំនួន០១កញ្ចប់
៧.ដាវ ចំនួន០៤
៨.ដែកមុខស្រួច ចំនួន០២ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបាបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យទាំង០២នាក់ នោះបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះ រូបគេបានទិញមកពីបក្ខពួកម្នាក់ទៀត មានឈ្មោះ ជា សុផល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកាប៉ូ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បន្ទាប់ពីទទួលបានចម្លើយសារភាព និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ក៏បានទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យនោះបានភ្លាមៗ និងដោយបានចាប់យកបានវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
២.ជញ្ជីងថ្លឹង ចំនួន០១គ្រឿង
៣.ទុយោជ័រ ចំនួន០៤។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)