កណ្តាលៈ នៅវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមការអោយដឹងពីលោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សេង ម៉េងឡុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាំងលើ ឃុំតាឯកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័នោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន:
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៧កញ្ចប់
០២.ទូរស័ព្ទ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅមូលដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេតែងតែយកថ្នាំញៀនទាំងនោះ ទៅលំរែក វិចខ្ចប់នៅផ្ទះ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅថ្ងៃខែឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ក៏បានសំុការសហការពី កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានចុះទៅដល់ផ្ទះជនសង្ស័យខាងលើ ហើយក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ធំ និងសម្ភារៈវិចខ្ចប់មួយចំនួន។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)