ស្ទឹងត្រែងៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល ខេត្តស្ទឺងត្រែង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ស្ថិតនៅចំណុចសំណាក់ហេងជីវ៉ា ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាប់ពាក់ព័ន្ធជាមួយករណី បង្ខាំងមនុស្ស ។
បើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ខេន លីហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរបើកបរ ផ្ទះនៅភូមិកំពង់ក្របី ឃុំក្រគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះមានឈ្មោះ ផាត សុឈៀក ភេទស្រី អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរមេផ្ទះ ផ្ទះនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជសង្ស័យខាងលើ និងជនរងគ្រោះ គឺជាអតីតប្តី ប្រពន្ធ នឹងគ្នា ហើយទើបលែងលះគ្នាបានរយៈពេល០៣ខែ(ត្រឹមភូមិឃុំ) ដោយជនបង្កចិត្តមិនដាច់ពីប្រពន្ធទើបធ្វើសកម្មភាពចាប់ប្រពន្ធទៅបង្ខាំងទុកក្នុងផ្ទះដំណាក់ដើម្បីសាងស្នេហ៍ជាថ្មី។
បន្ទាប់ពីទទួលដំណឹងពីសាច់ញាតិជនរងគ្រោះ ថាជនសង្ស័យខាងលើដែលជាប្តី បានជាប់ជនរងគ្រោះជាប្រពន្ធ អស់រយះពេល២ថ្ងៃមកហើយ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការ ជាមួយ កម្លាំងនគរបាលខេត្ត បានស្រាវជ្រាវ និងស្វែងរក រហូតអាចឈានទៅដល់ការឃាត់ខ្លួនបាន នៅចំណុចកើតហេតុខាងលើ។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងសាកសួរពត៌មានលំអិតបន្ថែម ស្តីពីការចាប់បង្ខាំងនេះ៕
(អត្ថបទៈ ម៉ាន់ ដាវីត)