កណ្តាលៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមការអោយដឹងពីលោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង នៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សេង ម៉េងឡុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាំងលើ ឃុំតាឯកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅមូលដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេមានបក្ខពួកម្នាក់ទៀតមានឈ្មោះ យ៉េន សុខមា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅចំណុចភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បានសំុការសហការពី កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានចុះទៅដល់ទីតាំងខាងលើ ដែលជនសង្ស័យបានបង្ហាញ។
លុះពេលកម្លាំងកងរាជអាវុធហត្ថ ទៅដល់ចំណុចកើតហេតុ ក៏មិនបានប្រទះឃើញជនសង្ស័យ ឈ្មោះ យ៉េន សុខហ នោះទេ ពីព្រោះជនសង្ស័យរូបនោះ បានដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ទៀតមានឈ្មោះ ហុឹម ស្រីចាន់ អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័នោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន:
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ
០២.ទូរស័ព្ទ ចំនួន០៧គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង និងសម្ភារៈវិចខ្ចប់មួយចំនួន។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)