ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការ បើកប្រតិបត្តិការចុះឡោមព័ទ្ធទីតាំងផ្ទះគ្មានលេខមួយ កន្លែង ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
ដែលជាផ្ទះរបស់ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានធ្វើសកម្មភាពប្រើ កាំភ្លើងភ្ជង់ប្លន់ម៉ូតូបានសម្រេចនៅក្នុងទឹកដីខណ្ឌចំការមនកាលពី រំលងអាធ្រាត្រយប់មិញ ។
សូមបញ្ជាក់ថា ការកំណត់ទីតាំងរបស់ជនសង្ស័យច្បាស់លាស់នេះគឺដោយសារម៉ូតូរបស់ជនរង គ្រោះដែលជនសង្ស័យប្លន់នោះមានភ្ជាប់ប្រព័ន្ធ GPS ទើបកម្លាំងជំនាញកងរាជអាវុធស្រាវជ្រាវរហូតចុះមកឡោមព័ទ្ធបង្ក្រាប តែម្តង ។
ខណៈពេលដែលកម្លាំងចុះមកឡោមព័ទ្ធ ផ្ទះរបស់ជនល្មើសបានចាក់សោទ្វារ ដូច្នេះហើយកម្លាំងអាវុធបានបង្ខំចិត្តកាត់សោចូលទៅខាងក្នុង ក៏ប្រទះឃើញម៉ូតូរបស់ជនរងគ្រោះដែលជនល្មើសប្លន់បានសម្រេចកាលពី វេលារំលងអាធ្រាត្រយប់មិញ រួមនិងវត្ថុតាងមួយចំនួន ។
ក្នុងប្រតិបត្តិការចុះឆែកឆេរខាងលើនេះ កម្លាំងអាវុធហត្ថបានរកឃើញម៉ូតូ២គ្រឿង ១គ្រឿងជារបស់ជនរងគ្រោះម៉ាក Zommer X ពណ៌ទឹកក្រូចលាយស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GA-5043 និង១គ្រឿងទៀតជាម៉ូតូរបស់ជនសង្ស័យដែលជិះធ្វើសកម្មភាព ម៉ាកស៊ុយស៊ីគីនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GC-1343 រួមជាមួយវត្ថុតាងមួយចំនួនធំផងដែរ ។ យ៉ាងណាមិញ ប្រតិបត្តិការខាងលើនេះ ជនសង្ស័យបានដឹងខ្លួនមុន ហើយរត់គេចខ្លួនបាត់ស្រមោលអស់ ។
គួររលឹកអោយដឹងថា កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូពីនារី ម្នាក់បានសម្រេចនៅចំណុចក្បែរសាលាអង្គអេង ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
ក្រោយប្លន់បានសម្រេចរួច ជនសង្ស័យបានយកម៉ូតូទៅទុកនៅចំណុចទីតាំងផ្ទះរបស់ខ្លួននៅភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ។ ដោយម៉ូតូជនរងគ្រោះមានភ្ជាប់ប្រព័ន្ធ GPS ជាហេតុធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថងាយស្រួលក្នុងការតាមរកតម្រុយ របស់ជនសង្ស័យ ទើបសហការគ្នាចុះទៅឡោមព័ទ្ធទីតាំងផ្ទះជនសង្ស័យតាំងពីវេលាម៉ោង២ ទៀបភ្លឺថ្ងៃខែឆ្នាំដដែល ខណៈទ្វារផ្ទះត្រូវបានចាក់សោពីខាងក្រៅ ។
លុះព្រឹកឡើងទើបសម្រេចសុំគោលការណ៍ពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាត់សោចូលឆែកឆេរតែម្តង ប៉ុន្តែជនសង្ស័យបានដឹងខ្លួនមុន ហើយរត់គេចបាត់ស្រមោលអស់ទៅហើយ ៕
បច្ចុប្បន្ន វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យដែលជាក្រុមចោរប្លន់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។