បាត់ដំបងៈ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ពឿន លីហៀង ភេទ ប្រុស អាយុ២៣ ឆ្នាំ មុខរបរ ធ្វេីស្រែ រស់នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ថបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន:
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ ដែលមានទម្ងន់ ០.២៤ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់មូលដ្ឋាន ដើម្បីមន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះ រូបគេបានទិញបន្តពីឈ្មោះ ជួប សំណាង ភេទ ប្រុស អាយុ២៧ ឆ្នាំ មុខរបរ ធ្វេីស្រែ រស់នៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង២០ និង០០នាទី ថ្ងៃខែឆ្នាំ ដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានចុះទៅដល់កន្លែងដែលជនសង្ស័យទី១ បានចង្អុលបង្ហាញ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យទី២ ឈ្មោះ ជួប សំណាង ដោយជោគជ័យ និងបាន ចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ០.៨៤ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣. ម៉ូតូ ចំនួន០៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)