កំពតៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។
តាមការថ្លែងឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ធ្វើឡើងនៅវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ មានឈ្មោះ ឃីន ទីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបេីកឡាន រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់បញ្ជាការដ្ឋានខេត្ត ដើម្បីមន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា រូបគេមានបក្ខេពួកម្នាក់ទៀត ដែលតែងតែសេពគ្រឿងញៀនជាមួយគ្នា ដែលមានឈ្មោះ គួច លេងហាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំ ដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានចុះទៅដល់កន្លែងដែលជនសង្ស័យទី១ បានចង្អុលបង្ហាញ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួកនោះដោយជោគជ័យនិងបាន ចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)