ភ្នំពេញៈ ជនសង្ស័យចំនួន០២នាក់ សង្ស័យជាបក្ខពួកក្រុមចោរប្លន់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន សហការ ជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន កាលពីព្រឹកមិញនេះ។
តាមការថ្លែងឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ គឺធ្វើឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់នាគទេព ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាចោរប្លន់ទាំង០២នាក់នោះរួមមានឈ្មោះៈ
០១. សុវណ្ណ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិព្រៃឫស្សី ឃុំព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
០២. ម៉ៅ ឌីយ៉ាម៉ង់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីដដែល បានបន្តអោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. អាវុធខ្លីមួយដើមម៉ាកកា៥៤ចំនួន០១ដើម បង់ចំនួន០១ គ្រាប់ចំនួន០៧គ្រាប់
០២. ម៉ូតូមួយគ្រឿងម៉ាកZoomerពណ៌សរគ្មានស្លាកលេខ
០៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង០០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានករណីប្លន់ម៉ូតូ០១គ្រឿង កើតឡើងនៅចំណុចផ្លូវលេខ៣០៤កែងនិង១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ប៉ុង ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានជនសង្ស័យ មានគ្នាប្រហែលជា១០នាក់ ជិះម៉ូតូចំនួន០៦ទៅ០៧គ្រឿង បានព័ទ្ធគំរាមប្លន់យកម៉ូតូ។
ភ្លាមៗនោះ ជនរងគ្រោះ ក៏បានទៅប្តឹងមន្រ្តីអាវុធហត្ថខណ្ឌចំការមន។
ក្រោយពេលទទួលពាក្យបណ្តឹង កងរាជអាវុធហត្ថខណ្ឌចំការមន សហការ ជាមួយអាវុធហត្ថខណ្ឌមានជ័យ និងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នពេញ បានស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការកំណត់មុខសញ្ញា និងចុះឡោមពទ្ឋ័ឆែកឆេរផ្ទះគ្មានលេខមួយកន្លែងស្ថិតក្នុងភូមិតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ក្រុមចោរ។ តែដោយជនល្មើសបានដឹងខ្លួនក៏គេចបាត់អស់ នៅសល់តែម៉ូតូ០២គ្រឿងត្រូវបាន មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់យក ក្នុងនោះរួមមាន ម៉ូតូ០១គ្រឿងម៉ាកហុងដាស៊ូមើរអិច ពណ៍សលាយលឿងពាក់ស្លាកលេខភ្នំពេញ1GA-5043 ស៊េរីឆ្នាំ២០១៧ ជារបស់ជនរងគ្រោះដែលត្រូវបានចោរប្លន់ និង០១គ្រឿងទៀតម៉ាកស៊ុយស៊ុយគីនិច ពណ៏ក្រហមស្លាកលេខភ្នំពេញ1GC-1343 សង្ស័យជារបស់ជនល្មើសជិះធ្វើសកម្មភាពប្លន់។
បន្ទាប់ពីធ្វើការឆែកឆេររួចមក កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បន្តការស្រាវជ្រាវ រហូតឈានទៅដល់ ការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ខាងលើ ដែរជាបក្ខពួកក្រុមចោរប្លន់នោះ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ សុវណ្ណដារ៉ា បានសារភាពថា អាវុធខ្លី និងម៉ូតូខាងលើនេះជារបស់ឈ្មោះជឺ ដែលជាមេ របស់ខ្លួន បានរត់គេចខ្លួនមុនពេលកម្លាំងកងរាជអាវុធហត្ថទៅដល់ ហើយឈ្មោះជឺនេះ ទើបចេញពីពន្ធនាគា ដែលជាប់ដោយសារករណីប្លន់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ប៉ុង ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបជាអ្នករត់ម៉ូតូឌុប ត្រូវបានមន្ត្រីកងរាជអាវុធហត្្ថ ប្រគល់ជូនម្ចាស់ដើមវិញ។
(អត្ថបទ ម៉ាន់ ដាវីត)