You are currently viewing ជនសង្ស័យចំនួន១៤នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ជនសង្ស័យចំនួន១៤នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កណ្តាលៈ ជនសង្ស័យចំនួន១៤នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។

តាមការថ្លែងឱ្យដឹងពី លោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង១៤នាក់នេះ គឺធ្វើឡើងជា០៣លើក ដោយប្រតិបត្តិការលើកទី០១ធ្វើឡើងនៅវេលាម៉ោង ១៥ និង១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវចូលទៅវិហារលោកតាតេជោ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន មានឈ្មោះ សេង ធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់បញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួររួចមក និងទទួលបានតំរុយមួយចំនួន នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ក៏បានសុំការសហការពី កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បន្តចុះទៅឆែកឆេរ
ផ្ទះរបស់ឈ្មោះ ម៉ម សារ៉ន ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ជាយាយបង្កើតរបស់ជនសង្ស័យ)។ បន្ទាប់ពីធ្វើការឆែកឆេរួចមក កម្លាំងកងរាជអាវុធហត្ថ ពុំបានរកឃើញវត្ថុតាងពាក់ព័ន្ធ និងបទល្មើសឡើយ។

លុះនៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថ ក៏បានបន្តចុះឆែកឆេរ ផ្ទះរបស់ឈ្មោះ សេង វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ជាម្តាយបង្កើតរបស់ជនសង្ស័យ) ដែលជាកន្លែងជនសង្ស័យធ្លាប់ស្នាក់នៅ និងដោយបានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសដូចជា : ឧបករណ៍សម្រាប់វេចខ្ចប់សារធាតុញៀន និងឧបករណ៍សំរាប់ជក់សារធាតុញៀនមួយចំនួន។

សូមបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង ធា ខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បានប្រទះឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់ បន្ថែមទៀត ក្នុងនោះមានស្រី ចំនួន០១នាក់ ត្រូវបានកាអនុញ្ញាតិ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អោយធ្វើការអប់រំនៅនឹងកន្លែង និងដោយអោយធ្វើកិច្ចសន្យាធានាពីឪពុកម្តាយ រួចអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)