បន្ទាយមានជ័យៈ សង្ឃក្លែងក្លាយចំនួន០២អង្គ បានដើររៃអង្គាសបា្រក់ នៅផ្សារមង្គលបូរី ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ រួចយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរ។ លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានអោយដឹងថា សង្ឃទាំង២អង្គនោះមានឈ្មោះៈ
១/សម្បត្តិ ហេង ភេទប្រុស អាយុ២១ឆ្នាំ
២/ឈ្មោះសម្បត្តិ សំបន ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២នាក់ រស់នៅក្នុងភូមិត្រពាំងស្វាង ឃុំលាងដៃ ស្រុកអង្គជុំ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី រស់ សំបូរ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុនោះ កម្លាំងអាវុធហត្ថស្រុកដែលនៅប្រចាំការនៅផ្សារមង្គលបូរី បានឃើញសង្ឃ២អង្គកំពុងដើរបិណ្ឌបាត្រ នៅក្នុងផ្សារមង្គលបូរី។ ដោយបានបង្ហាញប្រូក្រាមដល់អាជីវករ អ្នកលក់ឥវ៉ាន់ ដើម្បីរៃអង្គាសលុយពីប្រជាពលរដ្ឋ យកទៅកសាងវត្តនេះ វត្តនោះ។
ដោយមានការសង្ស័យកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានសុំធ្វើការឃាត់ខ្លួន រួចយកមកសួរនាំទើបដឹងថា សង្ឃទាំង២នាក់នេះ ជាសង្ឃក្លែងក្លាយ។
ក្រោយពីសួរនាំរួចហើយ ក៍បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានប្រាប់អោយដឹងថា នៅមុខអាវុធហត្ថសង្ឃទាំង២អង្គបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានក្លែងធ្វើជាសង្ឃដើម្បីដើរបិណ្ឌបាត្រពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានអោយដឹងថា សង្ឃក្លែងក្លាយទាំង២នាក់ ត្រូវបានប្រធានវិន័យសង្ឃខេត្តបន្ទាយមានជ័យ បកស្បង់ចេញហើយត្រូវបានកម្លាំងអាវុធហត្ថអប់រំណែនាំនិងធ្វើកិច្ចសន្យារួចអោយវិលត្រឡប់ទៅផ្ទះវិញ។
(អត្ថបទ ឡាក់ ភី)