ភ្នំពេញៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន២២នាក់ ទៅតុលាការ ជាបន្តបន្ទាប់ ក្នុងនោះមាន២០នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើបា្រស់គ្រឿងញៀន និង០២នាក់ទៀតពាក់ព័ន្ធករណីទទួលផលចោរកម្ម។
-ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង២០នាក់ត្រូវបាន
កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែង នៅចំនុច ផ្ទះសំណាក់ សំណាង ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។ តាមការស្រាវជ្រាវរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងនោះមានជនសង្ស័យ០២នាក់ ឈ្មោះគឹម ខេន ហៅវិត ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ និងឈ្មោះសៅ វណ្ណា ហៅតុលា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ គឺជាអ្នកលក់គ្រឿងញៀនដែលបាន ប្រកបមុខរបរនេះជាយូរមកហើយ។ ហើយពួកគេបានសារភាពថា ថ្នាំញៀនដែលពួកគេលក់គឺពួកគេបានទិញ ពីក្មេងស្រីអាយុ១៣ឆ្នាំម្នាក់មិនស្គាល់អត្តសញ្ញាណច្បាស់ នៅម្តុំរោងចក្រឆ្នាំងផ្លូវរទេះភ្លើងដែលភូមិសាស្រ្តនេះ កន្លងមកត្រូវបានអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយគណៈបញ្ជារការរដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាសមត្ថកិច្ចផ្សេងទៀត ចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សរាប់សិបនាក់បញ្ជូនទៅតុលាការ ជាច្រើនលើកមកហើយ។ រឺឯជនសង្ស័យ១៨នាក់ទៀតដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនព្រមជាមួយគ្នាដែលនោះ គឺជាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន ដែលបានទិញបន្តពីជនសង្ស័យទាំងពីរនាក់ខាងលើ។
-ចំណែកឯជនសង្ស័យ០២នាក់ទៀតពាក់ព័ន្ធករណីចោរកម្មមានឈ្មោះ រី ចិន្តា ហៅដា ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះយិន សារ ហៅអ៊រ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលេខ៣៣៦ (ម្តុំសណ្ឋាគារឈូកទិព្វ) សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈពេលដែលពួកគេបានយកម៉ូតូ០១គ្រឿង ម៉ាកហ្វីណូ ពណ៍ខ្មៅលាយឈាមជ្រូក មានស្លាកលេខមិនប្រក្រតី (ដោយកែស្លាកលេខ ពីលេខ ភ្នំពេញ 1CT-0902 ទៅជា ភ្នំពេញ 1CI-0909 ) ទៅផ្ញើរនៅសណ្ឋាគារឈូកទិព្វ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចំលើយសារភាពរបស់ជនសង្ស័យ ម៉ូតូ០១គ្រឿងនេះ ពួកគេបានទិញពីឈ្មោះសុខ ជាប្អូនធម៍ដែលបានមកពីការលួចកាច់សោរនៅផ្សារទួលសង្កែរកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ បច្ចុប្បន្នឈ្មោះសុខ សមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។