បន្ទាយមានជ័យៈ បុរសវ័យចំណាស់ម្នាក់ ឲ្យតែស្រវឹងតែងតែប្រើអំពើហិង្សាលើក្រុមគ្រួសារ វាយប្រពន្ធ និងកូន។
បុរសវ័យចំណាស់រូបនេះ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនយកមក បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងសីរីសោភ័ណ បានឲ្យដឹងថា ជនប្រមឹកមានឈ្មោះ ឈើយ ថៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុនោះជនប្រមឹករូបនេះបានជិះម៉ូតូចេញពីកន្លែងផឹកស្រា ស លុះជិះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែដួល បណ្ដាលឲ្យជាំមុខមួយចំហៀងខាងឆ្វេង ស្រាប់តែពេលនោះជនប្រមឹករូបនេះបើកម៉ូតូមកដល់ផ្ទះមានកំហឹងនឹងប្រពន្ធយ៉ាងខ្លាំងក៍ទាញបន្ទះក្តាវាយទៅលើប្រពន្ធឈ្មោះ ប៉ោ សារ៉ាត់ ចំក្បាលបណ្តាលឲ្យមានរបួស ស្រាប់ពេលនោះកូនប្រសារប្រុស ឈ្មោះទួត ប៊ុនធួង អាយុ៣៥ឆ្នាំ បានរត់ទៅឃាត់ឪពុក កំុឲ្យវាយម្តាយបន្តទៀត ពេលនោះឪពុកខឹងនិងកូនប្រសារយ៉ាងខ្លាំងក៍រត់ទៅយកចំពាមកៅស៊ូដាក់គ្រប់ថ្មបាញ់តម្រង់ទៅកូនប្រសារចំក្បាលបណ្ដាលរងរបួសបន្តទៀត។
លោកវរសេនីយ៍ត្រី បានឲ្យដឹងទៀតថា ដោយមើលឃើញទង្វើរឃោរឃៅរបស់ជនប្រមឹក ទើបប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះមកអន្តរាគមន៍ ហើយក៍ធ្វើការឃាត់ខ្លួនជនប្រមឹកនោះបានភ្លាមៗតែម្តង។
ក្រោយពីឃាត់ខ្លួនបានហើយ ជនប្រមឹករូបនេះត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ជនប្រមឹកនេះ ក្រោយពីស្វាងស្រវឹងហើយបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាលើគ្រួសារពិតប្រាកដមែន។
លោកវរសេនីយ៍ទោ បានបន្តឲ្យដឹងទៀតថា តាមសំណូមពរ របស់ក្រុមគ្រួសារ បានសុំឲ្យកម្លាំងកងរាជអាវុធហត្ថ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា កុំឲ្យមានការប្រើអំពើហិង្សា ដល់គ្រួសារបន្តទៀត។
បុរសវ័យចំណាស់រូបនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានធ្វើការអប់រំ និងបានឲ្យធ្វើកិច្ចសន្យា ហើយត្រូវបានឲ្យវិលត្រឡប់ទៅផ្ទះវិញ។
(អត្ថបទៈ ឡក់ ភី)