បន្ទាយមានជ័យៈ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័្ធជាមួយករណី សមគំនិត ប្រព្រឹត្តអំពើ ឃាតកម្មសម្លាប់យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ កន្លងមកនេះនៅផ្ទះសំណាក់ម៉ារីមានជ័យ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សឿយ ណាត អាយុ៤៥ឆ្នាំ និងប្តីជាឃាតករ ជាជន ដៃដល់ បានរត់គេចខ្លួនមានឈ្មោះ សែ សាខន អាយុ៤១ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ GRK News ឲ្យថាដឹងថា កាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០៧ មានសេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណីប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្នុងបន្ទប់លេខ០២ ផ្ទះសំណាក់យីហោម៉ារីមានជ័យ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានដំណឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះពិនិត្យសាកសព និងបានសន្និដ្ឋានថា ស្ត្រីរងគ្រោះស្លាប់ដោយអំពើឃាតកម្មសម្លាប់យកទ្រព្យសម្បត្តិ។
ស្ត្រីរងគ្រោះដែលបានស្លាប់មានឈ្មោះ ប៊ុន សូវៀត អាយុ៤០ឆ្នាំ(ស្ត្រីមេម៉ាយកូនមួយ)មានមុខរបបលក់អីវ៉ាន់ចាប់ហួយ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលស្រាវជ្រាវដឹងតំរុយមុខសញ្ញាហើយ ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង បានចុះឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ សឿយ ណាត រស់នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសង្ស័យជាប់ពាក់ព័ន្ធជាមួយករណីសមគំនិត ប្រព្រឹត្តអំពើឃាតកម្ម សម្លាប់យកទ្រព្យស្ត្រីរងគ្រោះឈ្មោះ ប៊ុន សូវៀត និងបានរកឃើញវត្ថុតាងរបស់ជនរងគ្រោះរួមមានៈ
១/.ខ្សែករមាសក្បាច់ស្រវ៉ាក់ឆាប១ខ្សែរទម្ងន់៤ជី២ហ៊ុន
២/.ខ្សែរករមាសក្បាច់ព្រលឹតកាច់១ខ្សែរទម្ងន់០៤ជី០៩ហ៊ុន០៨លី
៣/.ខ្សែដៃមាសក្បាច់ផ្កាបីកង់១ខ្សែទំងន់០២ជី០៩ហ៊ុន០៨លី
៤/.ចិញ្ចៀនមាសក្បាច់អង្គារ៍ដី០១វង់ទម្ងន់០២ជី០៤ហ៊ុន០៨លី
៥/.មាសដុំទម្ងន់៣ជី
៦/.កងដៃផ្លាទីន១០កងទម្ងន់០៦ជី០៦លី
៧/.ខ្សែដៃផ្លាទីនក្បាច់អង្គាដី០១ខ្សែទម្ងន់០២ជី០៦ហ៊ុន០៣លី
៨/.ខ្សែករផ្លាក់ទីនក្បាច់ថ្នាំងអំពៅ០១ខ្សែរទម្ងន់០២ជី០១ហ៊ុន ០៥លី
៩/.ខ្សែរករផ្លាទីនក្បាច់សក់ក្រង0១ខ្សែទម្ងន់0៤ជី0៨លី។
ចំណែកម៉ូតូ១គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀតត្រូវបានជនសង្ស័យជាឃាតករដៃដល់ឈ្មោះ សែន សាខន យកគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្តទៀត។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ចំពោះស្ត្រីជា ជនសង្ស័យឈ្មោះ សឿយ ណាត ដែលត្រូវឃាត់ខ្លួនពីបទសមគំនិតអំពើរឃាតកម្ម សម្លាប់យកទ្រព្យសម្បត្តិ ព្រោះតាមចម្លើយសារភាពគឺទ្រព្យសម្បត្តិទាំងនេះគឺប្តីរបស់ខ្លួនឈ្មោះ សែ សាខន បានយកមកអោយហើយស្រ្តីរូបនេះព្យាយាមលាក់លៀមពីសមត្ថកិច្ចទៀតផង។
ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងគ្រប់គ្រាន់ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែកឃាតករដៃដល់ដែលរត់គេចខ្លួន ត្រូវបានមន្ត្រីជំនាញកំពុងស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថា ចំពោះទ្រព្យសម្បត្តិដែលកម្លាំងកងរាជអាវុធហត្ថដកហូតបាននោះ បានប្រគល់ឲ្យកូនប្រុសស្ត្រីរងគ្រោះឈ្មោះ សិទ្ធ សៀវលីស៊ីង អាយុ១២ឆ្នាំ និងឈ្មោះ ប៊ុន លី ភេទប្រុស អាយុ៥០ឆ្នាំ(ត្រូវជាឪពុកមាជនរងគ្រោះ) រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលប្រគល់ជូននៅព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០៧នេះ៕