កំពង់ស្ពឺៈ នៅថ្ងៃ២០ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ កម្លាំងអាវុធហត្ថស្រុកសំរោងទង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនចំនួន០៣លើក
ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង១១និង ៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវ ៤៤ ក្នុងភូមិបៀតសូត ឃុំខ្ទុំក្រាំង ស្រុកសំរោងទង កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ខំ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំជាមុខសញ្ញាចែកចាយគ្រឿងញៀន រស់នៅភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់។
ចំណែកប្រតិបត្តិការលើកទី០២ គឺធ្វើឡើងនៅវេលាម៉ោង ១៥ និង១២នាទី ថ្ងៃដដែល នៅផ្លូវជាតិលេខ៤ ស្ថិតភូមិចំបក់ ឃុំវល្លិ ស្រុកសំរោងទង ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ មានឈ្មោះ ឃូ ប៉ាវអាន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បាមន ខេត្តកំពង់ស្ពឺ
ដោយចាប់យកបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ និងម៉ូតូ គុបជ្រុង ចំនួន០១គ្រឿង។
ចំណែកប្រតិបត្តិការលើកទី០៣ គឺធ្វើឡើងនៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានបន្តចុះបង្ក្រាបនៅផ្លូវជាតិលេខ ៤ ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ដោយឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញា និងចែកចាយគ្រឿងញៀនម្នាក់ទៀត មានឈ្មោះ ធី ចាន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បាមន កំពង់ស្ពឺ ដោយកម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន១៧កញ្ចប់ធំ និងម៉ូតូ ចំនួន០១គ្រឿង ។
ជនសង្សយ័ទាំង០៣នាក់ រួមជាមួយ វត្ថុតាង ត្រូវបានបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)