ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១៤៩រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយររងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នារងកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍សំណេះសំណាល និងអបអរសាទរ ដល់នាយទាហាន នាយទាហានរង អាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលការតែងតាំងមុខងារ និងតម្លើងឋានន្តរសក្តិថ្មីទាំងអស់នៅថ្ងៃនេះ។
ឯកឧត្តម រ័ត្ន ស្រ៊ាង បានបញ្ជាក់ផងដែរថា កិត្តយសដែលបងប្អូន អាវុធហត្ថរាជធានីភ្នំពេញ ទទួលបាននៅថ្ងៃនេះ គឺបានមកពីការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូន ជាពិសេសគឺជាការឆ្លើយតបទៅនឹងការប្រឹងប្រែងផ្ទាល់របស់បងប្អូន ក្នុងការបំពេញភារកិច្ចបំរើប្រទេសជាតិនិងប្រជាជនផងដែរ។
ដូច្នេះ ដើម្បីជាការដឹងគុណ ចំពោះការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង នៃអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែបន្តការប្រឹងប្រែង អនុវត្តការងាររបស់ខ្លួន ឲ្យរឹតតែប្រសើរឡើងថែមទៀត រឹតចំណងសាមគ្គីរវាងគ្នានឹងគ្នាក្នុងអង្គភាព បង្កើនទំនាក់ទំនងជិតស្និត ជួយដល់ប្រជាពលរដ្ឋ គោរពសិទ្ធមនុស្សនិងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ស្មោះត្រង់ដាច់ខាតជាមួយមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងត្រូវប្តេជ្ញាការពារឲ្យខាងតែបាននូវរាជរដ្ឋាភិបាលស្របច្បាប់ កុំឲ្យមានក្រុមអគតិណាមួយ មកបង្ករចលាចល ក្នុងន័យផ្តួលរំលំរាជរដ្ឋាភិបាល និងរំខានដល់សុខសន្តិភាព ប្រទេសជាតិបានជាដាច់ខាត។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជូនពរដល់ នាយទាហាន នាយទាហានរង អាវុធហត្ថទាំងអស់ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ឲ្យជួបប្រទះតែ សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។