ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង១០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថអូរស្មាច់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈួម វាសនា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្លូវលេខ១២ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គ្ាប់អោយចាប់ខ្លួនលេខ ០៦៦. ត. ព្រ /១៦ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ដោយលោក គួន ចន្ថា ចៅក្រមសេុីបសួរ សាលាដំបូង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)