កណ្តាលៈ នៅវេលាម៉ោង១៥ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិលេខ១ក ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ហេង សេងមុយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងមូលដ្ឋានស្រុក បានធ្វើការល្បាត ក៏ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងតែធ្វើការចែកចាយគ្រឿងញៀន។ ភ្លាមៗនោះ ជនសង្ស័យបានឃើញកម្លាំងកងរាជអាវុធហត្ថ ក៏ស្ទុះជិះម៉ូតូរត់គេច និងបានបោះថ្នាំចោល ប៉ុន្តែសំណាងមិនល្អ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន និងបានចាប់យកវត្ថុតាងរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ធំ
០២. ម៉ូតូ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក៏បានសុំការអនុញ្ញាត្តពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល បានបន្តចុះឆែកឆេរលំនៅដ្ឋាន ជនសង្ស័យខាងលើ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនចំនួន០៣កញ្ចប់ និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនុំ
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)