ភ្នំពេញៈ គួររំលឹកដែរថា កាលពីវេលាម៉ោង០១ និង០០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានករណីប្លន់
ម៉ូតូ០១គ្រឿង កើតឡើងនៅចំណុចផ្លូវលេខ៣០៤កែង និង១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធខណ្ឌចំការមន សហការជាមួយ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ និងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការកំណត់មុខសញ្ញា និងចុះឡោមពទ្ឋ័ឆែកឆេរផ្ទះគ្មានលេខមួយកន្លែងស្ថិតក្នុងភូមិតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ក្រុមចោរ។
តែដោយជនល្មើសបានដឹងខ្លួនក៏គេចបាត់អស់ នៅសល់តែម៉ូតូ០២គ្រឿងត្រូវអាវុធហត្ថរាជធានីភ្នំពេញដកហូត។
ក្នុងនោះម៉ូតូ០១គ្រឿងម៉ាកហុងដាស៊ូមើរអិច ជារបស់ជនរងគ្រោះដែលត្រូវបានចោរប្លន់ និង០១គ្រឿងទៀត ម៉ាកស៊ុយស៊ុយគីនិច សង្ស័យជារបស់ជនល្មើសជិះធ្វើសកម្មភាពប្លន់។
លុះនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មន្រ្តីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានប្រគល់ម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះ ដែលត្រូវបាន ក្រុមចោរប្លន់បាត់០១យប់ជូនម្ចាស់ដើមវិញ និងស្រាវជ្រាវបន្ត ស្វែងរកចាប់ខ្លួនក្រុមជនល្មើស។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានស្រាវជ្រាវរកឃើញតម្រុយមេក្លោងចោរប្លន់ ទាំងនោះ កំពុងលាក់ខ្លួននៅខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានតំរុយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក៏បានឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុច ភូមិជ្រៃធំ ឃុំកំពង់ស្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ នៃអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេមានឈ្មោះ ងិន ចន្ធី ហៅ ចាន់ តារាវុធ កន្លងមកធ្លាប់ជាប់ពន្ធនាគារព្រៃស កាលពីឆ្នាំ២០១៣ ពីបទឆក់កាបូប និងបានចេញពីគុកវិញ នៅឆ្នាំ២០១៤។
ក្រោយពេលចេញពីគុក រូបខ្លួនបានប្រមែប្រមូលបក្ខពួកទាំងចាស់ទាំងថ្មី ដើរធ្វើសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមដងផ្លូវ ជាច្រើនលើកច្រើនសារមកហើយ។
ចុងក្រោយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ម៉ោងប្រហែល២២និង០០នាទី ពួកខ្លួនបានប្រមូលផ្តុំគ្នានៅក្នុងកោះពេជ្រ សរុប១១នាក់ មានរូបខ្លួន(ឈ្មោះងិន ចន្ធី ហៅ ចាន់ តារាវុធ) និងឈ្មោះ រី ឈ្មោះវី ឈ្មោះរក្ស ឈ្មោះទូ ឈ្មោះរ៉ៃ ឈ្មោះហេង ឈ្មោះពីន និង០៣នាក់ទៀតមិនស្គាល់ឈ្មោះ បានរៀបចំគម្រោងចេញ ធ្វើសកម្មភាពឆក់ប្លន់ តាមដងផ្លូវដូចរាល់ដង។
បន្ទាប់ពីរៀបចំគម្រោងរួចពួកខ្លួនក៏បានជិះម៉ូតូចេញពីកោះពេជ្រទាំងអស់គ្នា ដោយខ្លួន ជិះជាមួយឈ្មោះវី ជាអ្នកឌុប ពេលមកម្តុំសាលារៀនអង់អេង ក៏ប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ZoomerX ពួកខ្លួន ក៏នាំគ្នាព័ទ្ធគម្រាម ដើម្បីប្លន់ធ្វើឲ្យម្ចាស់ម៉ូតូភ័យស្លន់ស្លោរត់ចោលម៉ូតូ ទើបឈ្មោះវីចុះទៅលើកម៉ូតូជនរងគ្រោះ ជិះទៅទុកនៅផ្ទះរបស់ខ្លួននៅចាក់អង្រែ ហើយក៏បែកផ្លូវគ្នា យប់នោះខ្លួនជាអ្នកដោះស្លាកលេខម៉ូតូចេញដើម្បីទុកលក់ តែព្រឹកឡើង ខ្លួនសង្ស័យថាបែកការ ក៏គេចទៅសម្ងំពួនលាក់ខ្លួននៅខេត្តបាត់ដំបងរហូតដល់សមត្ថកិច្ចអាវុធហត្ថរាជធានី ភ្នំពេញតាមទៅចាប់បានតែម្តង។
បច្ចុប្បន្ន មេក្លោងចោរប្លន់ ឈ្មោះ ងិន ចន្ធី ហៅ ចាន់ តារាវុធ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។