ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅសាលសវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល
ខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោក បាត វើរមៀរេន (Bart Vermeiren) ប្រធានការិយាល័យគណៈកម្មាធិការកាកបាទ ក្រហមអន្តរជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់អណាត្តិនៅប្រទេស កម្ពុជា ព្រមទាំងណែនាំខ្លួនលោក រ៉ូមេន ផារ៉ាម៉ូនូវ ប្រធានការិល័យគណៈកម្មាធិការកាកបាទក្រហមថ្មីប្រចាំកម្ពុជា។
លោកបាត វើរមៀរេន អតីតប្រធានការិយាល័យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យ លោក ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកត្រូវបានបញ្ចប់បេសកកម្មនៅកម្ពុជា ក្នុងនាមជាអ្នកសម្រប សម្រួលផ្នៃកច្បាប់អន្តរជាតិ ព្រមទាំងថ្លែងនូវអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ដែលផ្តល់នូវការគាំទ្រដល់ ដំណើរការប្រតិបត្តិការរបស់កាកបាទក្រហមអន្តរជាតិ។
ជាមួយគ្នានេះដែរ កាកបាទក្រហមអន្តរជាតិ នៅតែបន្តខិតខំ ប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួន ក្នុងការបញ្ជ្រៀបការយល់ដឹងផ្នែកច្បាប់ជាអន្តរជាតិ និងច្បាប់ទាំងឡាយណា ដែល ពាក់ព័ន្ធលើការប្រើប្រាស់ និងគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធក្នុងការចាប់-ឃាត់ខ្លួន ឆែកឆេរ ជនសង្ស័យ ក្នុងក្របខណ្ឌច្បាប់ និងផលវិបាកទាំងឡាយណា ដែលធ្វើឱ្យប្រជាពលរដ្ឋ បាត់ទំនុកចិត្តលើ មន្ត្រីប្រតិបត្តិកងរាជអាវុធហត្ថ ព្រមទាំងចែករំលែកនូវចំណេះដឹង បទពិសោធន៍ផ្នែកច្បាប់ជាអន្តរជាតិ ក្នុងពេលដែលកម្លាំង មានសមត្ថកិច្ចធ្វើ ប្រតិបត្តិការ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរដល់លោកបាត វើរមៀរេន (Bart Vermeiren) ឲ្យមានសុខភាពល្អ ដំណើរនិវត្តទៅប្រទេសកំណើតវិញ ប្រកបដោយសុវត្ថិភាព ព្រមទាំងសម្រេចបាន ជោគជ័យ ក្នុងភារកិច្ចថ្មីផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៍លើកឡើងពីទំនាក់ទំនង និងមានការ សហការល្អ គឺដោយសារតែលោកបាត វើរមៀរេន គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំនៅកម្ពុជា ធ្វើការងារ ក្នុងគោលបំណងបម្រើមនុស្សជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា យើងធ្វើការគ្រាន់តែខុសគ្នាឯកសណ្ឋាន យើងខុសគ្នាពណ៌សម្បុរ ប៉ុន្តែយើងមានគោលដៅធ្វើការដើម្បីភាពសុខសាន្តរបស់មនុស្សជាតិ។ ជាមួយនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានស្វាគមន៍ និងអបអរសាទរចំពោះលោក រ៉ូមេន ផារ៉ាម៉ូនូវ ប្រធានការិល័យ គណៈកម្មាធិការកាកបាទក្រហមថ្មីប្រចាំកម្ពុជា ដែលត្រូវបានតែងតាំងជំនួស លោក បាត វើរមៀរេន ព្រមជាមួយនេះ នឹងខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ឲ្យកាន់តែល្អ ប្រសើរថែមទៀត។
យើងធ្វើការ រស់នៅប្រៀបដូចជាដើមឈើមួយដើម ដែលមានមែកបែកសារខារ ទទួលពន្លឺពីព្រះអាទិត្យ តែមួយ ដូច្នេះយើងត្រូវធ្វើជាម្លប់សម្រាប់ប្រជាពលរដ្ឋ ផ្តល់ភាពសុខសាន្តនិងសេចក្តីសង្ឃឹមដល់ពួកគាត់។