ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃទីបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០១៦ និង
រៀបចំដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន នាយកសាលាទាំង២ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ព្រមទាំងលោក វរសេនីយ៍ នាយការិយាល័យ មេបញ្ជាការអង្គភាពចំណុះកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចូលរួមផងដែរ សរុបរួមចំនួន១១៤រូប។ រហូតដល់ម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានប្រារព្ធពិធីបិទអង្គប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរការកិច្ចប្រជុំរយៈពេល១ថ្ងៃនោះ បានរកឃើញចំណុចខ្លាំងដែលលេចធ្លោ និងចំណុចខ្វះចន្លោះសេសសល់មួយចំនួន ជាបញ្ហាប្រឈម ដែលត្រូវតែរៀបចំផែនការការងារសម្រាប់អនុវត្តឆ្នាំ២០១៧មានជាអាទិ៍៖
ចំណុចខ្លាំងដែលលេចធ្លោ៖ កងរាជអាវុធហត្ថ សម្រេចបាននូវភារកិច្ចស្នូលរបស់ខ្លួននោះ គឺការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ជាពិសេស គឺបានធ្វើការស្រាវជ្រាវបង្ក្រាបបណ្តាបទល្មើស ពង្រឹងការអនុវត្តច្បាប់ និងចូលរួមសកម្មភាពសង្គម។ បានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ ព្រមទាំងបានធ្វើការអប់រំចិត្តសាស្ត្រ។ បានកសាងសំណង់ ជំរំ បន្ទាយ កន្លែងធ្វើការមានលក្ខណៈជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រ។ បានចិញ្ចឹម ថែទាំសុខមាលភាពកម្លាំង និងអនុវត្តល្អនូវគោលនយោបាយ។ បានថែទាំ ប្រើប្រាស់ ទុកដាក់បានគត់មត់នូវរាល់មធ្យោបាយ សម្ភារៈបំពាក់ និងគ្រប់គ្រងអចលនទ្រព្យដោយមានបញ្ជីស្នាមត្រឹមត្រូវ។ អង្គភាពទាំងមូល មានសាមគ្គី ឯកភាព មានកិច្ចសហប្រតិបត្តិការ មានទំនាក់ទំនងល្អជាមួយសាធារណជន និងមានវិន័យ ទន្ទឹមនឹងនោះ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់ឋានានុក្រម ក្តាប់ជាប់នូវតួនាទី ភារកិច្ច និងមានឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់។
កងរាជអាវុធហត្ថបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០១៧ ដូចខាងក្រោម៖
1. បន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឃាតកម្ម, ប្លន់ប្រដាប់អាវុធ, លួចឆក់, ចាប់ជំរិត, ការរក្សា លាក់ទុក ទិញលក់អាវុធដោយខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
2. បន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន។
3. បន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសជួញដូរមនុស្ស។
4. បន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
5. បន្តសហការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបបទល្មើសគេចវេះពន្ធគយ ពន្ធដារ គៀងគរចំណូលចូលថវិកាជាតិ។
6. បង្កើននិងពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការប្រើប្រាស់មធ្យោបាយអង្គភាពទ័ព និងសណ្តាប់ធ្នាប់វិន័យកងទ័ព នៅតាមទីសាធារណៈ។
7. ការពារសន្តិសុខជូនឥស្សរជន និងគណៈប្រតិភូបរទេសដែលមកបំពេញបេសកកម្ម និងទស្សនកិច្ចនៅកម្ពុជា ព្រមទាំងភ្ញៀវទេសចរណ៍។
8. ពង្រឹងការការពារអង្គភាព ស្ថាប័នរបស់រដ្ឋ និងគោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ព្រលានយន្តហោះអន្តរជាតិ កំពង់ផែ តំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា។ល។
9. ការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
10. បន្តចូលរួមសហការរៀបចំសណ្តាប់ធ្នាប់ទូទៅ។
11. ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ សម្រាប់ធ្វើអន្តរាគមន៍ទប់ស្កាត់និងបង្ក្រាបរាល់ការបង្កចលាចលសង្គមតាមគ្រប់រូបភាព និងជួយសង្គ្រោះនូវរាល់គ្រោះមហន្តរាយផ្សេងៗដែលនឹងកើតមានឡើងជាពិសេសជួយជីវិតមនុស្ស។
12. បន្តអនុវត្តដីកាតុលាការ។
13. បន្តធ្វើការងារអប់រំចិត្តសាស្ត្រ សំដៅធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហានគ្រប់លំដាប់ថ្នាក់ ក្តាប់ជាប់និងយល់ដឹងច្បាស់លាស់នូវតួនាទី ភារកិច្ច ការទទួលខុសត្រូវ នីតិវិធីការងារ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ។ គោរពវិន័យ គោរពច្បាប់ និងបទបញ្ជា។ មានសតិអារម្មណ៍ហ្នឹង ស្មារតីអង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច។ មានសាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ និងស្មារតីសហការ។ មានទំនាក់ទំនងល្អជាមួយមហាជន ប្រជាជន កសាងជំនឿ និងការស្រលាញ់ទុកចិត្តពីប្រជាជនគ្រប់មជ្ឈដ្ឋាន មកលើបុគ្គលិក និងអង្គភាពកងរាជអាវុធហត្ថ។ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់រាល់ឧបាយកលលួងលោម បោកបញ្ឆោត អូសទាញ ទិញទឹកចិត្ត។ល។
14. បន្តធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ សំដៅធ្វើឱ្យនាយទាហានគ្រប់លំដាប់ថ្នាក់ និងនាយទាហានរង ពលទាហានគ្រប់រូបស្គាល់ ចេះ ប្រើប្រាស់ និងថែទាំ ទុកដាក់ឧបករណ៍ សម្ភារៈ មធ្យោបាយ គ្រប់ប្រភេទ ថែមទាំងមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់។
15. បន្តថែទាំជួសជុលសំណង់អគារដែលមានស្រាប់ បំផុសលើកទឹកចិត្តចលនាកសាងសំណង់ថ្មីរឹងមាំ និងមានរចនាបទជាអត្តសញ្ញាណជាតិ។ យកចិត្តទុកដាក់គ្រប់គ្រងដីធ្លី អចលនទ្រព្យ គ្រឿងសង្ហារឹមមានបញ្ជីស្នាមច្បាប់លាស់។
16. បន្តយកចិត្តទុកដាក់ថែទាំ ជួសជុលមធ្យោបាយ ឧបករណ៍ សម្ភារៈដែលកំពុងប្រើប្រាស់ដោយស្មារតីសន្សំសំចៃ។ លើកទឹកចិត្តការស្វះស្វែងទិញបំពាក់ថ្មី ដើម្បីបម្រើការហ្វឹកហ្វឺនរៀនសូត្រ និងប្រតិបត្តិការ។
17. បន្តធ្វើការសិក្សាកែសម្រួលរចនាសម្ពន្ធចាត់តាំង រៀបចំបុគ្គលិកតម្រង់ទិសឱ្យចំជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ ប្រមូលផ្តុំកម្លាំងដោះស្រាយសំណូមពរភារកិច្ចចាំបាច់។
18. បន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅ ការហូបចុក អនាម័យ ស្លៀកពាក់ រស់នៅ និងពិនិត្យព្យាបាល។ បំផុសចលនាលើកទឹកចិត្តដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីកែលម្អការហូបចុក។
19. បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយដោះស្រាយទុក្ខលំបាក និងការសរសើរលើកទឹកចិត្តអង្គភាព ស្ថាប័ន និងបុគ្គលបង្កើតបានស្នាដៃ។
20. ពង្រឹងការងារតែងតាំងមុខតំណែង ដំឡើងឋានន្តរសក្តិ ដោយពិនិត្យវាយតម្លៃទៅលើការសិក្សារៀនសូត្រ បទពិសោធន៍ការងារ ស្នាដៃ និងការស្រលាញ់គាំទ្រពីមហាជនជុំវិញ។
21. បន្តជំរុញលើកទឹកចិត្តបង្កលក្ខណៈការងារទំនាក់ទំនងកិច្ចការសាធារណជន ធ្វើការផ្សព្វផ្សាយជូនសាធារណជននូវសកម្មភាព សមិទ្ធផល និងស្នាដៃដែលកងរាជអាវុធហត្ថសម្រេចបាន ព្រមទាំងធ្វើការឆ្លើយតបទាន់ពេលវេលានូវរាល់ព័ត៌មានលាបពណ៌មកលើបុគ្គលិក ក៏ដូចជាអង្គភាពកងរាជអាវុធហត្ថ។
22. ពង្រឹងការងារដឹកនាំ បញ្ជា គ្រប់គ្រងទាំងបុគ្គលិក មធ្យោបាយ សម្ភារៈ យន្តការរដ្ឋបាល របៀបរបបធ្វើការ ការទុកដាក់រក្សាឯកសារ និងអនុវត្តវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះនាយទាហាន នាយទាហានរង និងពលទាហានណាដែលបំពាន ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរ-ភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
23. ជំរុញការងារសិក្សាចងក្រងបទពិសោធន៍ការងារល្អ បញ្ចូលក្នុងកម្មវិធីសិក្សា និងធ្វើសិក្ខាសាលាជំនាញរយៈពេលខ្លីៗ ដើម្បីឆ្លើយតបទាន់ពេលវេលានូវសំណូមពរភារកិច្ច។
24. បន្តចូលរួមធ្វើសកម្មភាពសង្គម ដើម្បីគាំទ្រការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
(អត្ថបទៈ ឧ.អេង ហីុ)