ភ្នំពេញៈ ជីវិត ដ៏កំសត់របស់ស្រ្តីម្នាក់ឈ្មោះ កែវ សំអិត អាយុ៥៣ឆ្នាំ រស់នៅជាមួយស្វាមី ក្រោមដំបូលផ្ទះទុរគត ដែលបានមកពីជំនួយអង្គការ បានសាងសង់ឲ្យជ្រកកោន បានធ្លាក់ខ្លួនមានជំងឺឬសដូងបាត និងធ្លាប់បានទៅធ្វើការវះកាត់នៅមន្ទីរពេទ្យ តែក្រោយមកដោយភាពទីទាល់ក្រ
និងមិនមានលទ្ធភាពទៅទទួលការព្យាបាលឲ្យបានដិតដល់ជាបន្តទៀត បណ្តាលអោយស្នាមរបួសវះកាត់ប្រែក្លាយជាដំបៅរលួយហើមធំ បន្ទោរបង់លែងកើតរហូតដល់គ្រូពេទ្យចោះរន្ធត្រង់ពោះឲ្យបន្ទោរបង់ជំនួសទ្វារធំវិញ ។
ទាំងពីរនាក់ប្តីប្រពន្ធពុំមានកូនបង្កើតខ្លួនឯង បានទទួលយកកូនស្រីអ្នកដទៃមកចិញ្ចឹមរហូតដល់ធំពេញវ័យ តែកូនស្រីមិនដោយគន្លងធម៌ បានចេញចោលផ្ទះ និងបានបន្សល់កូនតូចមួយមកទម្លាក់អោយពួកគាត់ចិញ្ចឹមបីបាច់រក្សា។
ណាមួយប្រពន្ធឈឺ ណាមួយចៅនៅតូច ណាមួយប្តីមិនអាចចេញទៅធ្វើការចោលគ្រួសារបាន ធ្វើអោយជីវិតគ្រួសារពួកគាត់ធ្លាក់ខ្លួនដុនដាប លំបាកទុរគតកំសត់តោកយ៉ាកក្រៃលែង ជីវិតរស់បានអាស្រ័យដោយការអាណិតអាសូរ ពីអ្នកជិតខាងអោយអង្ករ ១កំប៉ុង ២កំប៉ុង គ្រាន់ដាំបបរ បាយ ចិញ្ចឹមខ្លួននិងចៅ ។
ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលដំណឹងនេះ ទើបនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម បានចាត់លោកវរសេនីយ៍ឯក ឈុន ប៊ុនទី និងលោកវរសេនីយ៍ឯក ច័ន្ទ វាសនា ជាជំនួយការចុះទៅពិនិត្យមើលជាក់ស្តែងដល់ផ្ទះពួកគាត់ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនាំយកថវិកា ៥០ម៉ឺនរៀល អង្ករ២ ការ៉ុង ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ ទឹកត្រីទឹកស៊ីអ៊ីវ ៤យួរ ទៅជូនពួកគាត់ទុកគ្រាន់ដោះស្រាយជីវភាពមួយរយៈ ព្រមទាំងបានចាត់ក្រុមគ្រូពេទ្យអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅយកចិត្តទុកដាក់ពិនិត្យតាមដានជម្ងឺ និងសន្យាទំនាក់ទំនងរកគ្រូពេទ្យជំនាញដើម្បីជួយព្យាបាលអោយបានជាសះស្បើយ។
(អត្ថបទៈ អ.ហ.ភ.ព)