ភ្នំពេញៈ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ នៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុក ការងាររដ្ឋបាល ហិរញ្ញវត្ថុ អភិវឌ្ឍន៍ ទំនាក់ទំនងការ បរទេស និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនពរឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំរកា ដល់លោក វរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធានៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា។
លោវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនបានស្វាគមន៍ចំពោះប្រតិភូ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ព្រមទាំងលើកឡើងពីទំនាក់ទំនងយោធាចិន និងកងរាជអាវុធហត្ថ កាន់តែភាពជិតស្និតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយនោះលោកវរសេនីយ៍ឯក ក៏បានកោតសរសើរដល់កម្លាំង កងរាជអាវុធហត្ថ ដែលបានសម្រេចភារកិច្ចដ៏ត្រចះត្រចង់ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ និងក្នុងការ ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ជួបការលំបាក ទទួលបានការគាំទ្រនិងជំនឿចិត្តពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានជូនពរដល់លោកវរសេនីយ៍ឯក លី នីងយ៉ា ព្រមទាំងសហការី ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីចិនឲ្យជួបប្រទះតែសេចក្តីសុខ សុខភាពល្អ មានសុខភមង្គល និងសម្រេចបានជោគជ័យ ក្នុងភារកិច្ចថ្មីៗ ដែលរដ្ឋាភិបាល ប្រគល់ជូន។ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាក់ សិទ្ធិ ក៍លើកឡើងពីទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលបានអនុវត្តកន្លងមក មានភាពល្អប្រសើរ និងកាន់តែជិតស្និត គឺដោយ សារតែ លោកវរសេនីយ៍ឯក ជាស្ពានចំលងតភ្ជាប់ដ៏ល្អ នាំមកនូវកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ក៏បានថ្លែងនូវការអរគុណចំពោះកងទ័ពចិន និងរដ្ឋាភិបាលចិន ដែលបានជួយបណ្តុះ បណ្តាល បំប៉នជំនាញវិជ្ជាជីវៈ និងបានផ្តល់យោធបករណ៍ ដល់កងទ័ពកម្ពុជា និងកងរាជអាវុធហត្ថ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានបញ្ជាក់ថា ប្រទេសយើងទាំងពីរ ប្រជាជនយើងទាំងពីរ មានទំនាក់ទំនងគ្នាទាំងពីយូរលង់ មកហើយ គឺមុនលោកជីតែខ្វាន់មកម៉្លេះ ប្រជាជនកម្ពុជាភាគច្រើន ក៏បានរៀបចំទទួលអបអរសាទរឆ្នាំថ្មី ប្រពៃណីចិន ផងដែរ។
(អត្ថបទៈ លឹម គា)