បន្ទាយមានជ័យៈ នៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់។
ករណីនេះកម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថតាងមួយចំនួន រួមមានម៉ូតូ១គ្រឿង ទូរស័ព្ទ៣គ្រឿង ចិញ្ចៀនដាំត្បូង១វង់ នាឡិកាដៃ១គ្រឿង ។
លោកវរសេនីយ៍ត្រី ជា ដា បានបញ្ជាក់ថា បន្ទាប់ពីធ្វើកាតឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើ នៅម៉ោង២រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្តទៀត ដែលកំពុងនាំគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានធ្វើ ការចាប់យកវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន០១កូនថង់តូច ស្មើនិងទម្ងន់០.៦៦ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង និងសម្ភារជក់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី ជា ដា បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៨នាក់ក្រោយពីឃាត់ខ្លួនហើយត្រូវបានកសាងសំណុំរឿងបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់ នេះមានឈ្មោះៈ
១/ឈ្មោះ សឹង ចំណាន ភេទប្រុស អាយុ២០ឆ្នាំ
២/ឈ្មោះ ជុំ ឆាយហាក់ ភេទប្រុសអាយុ១៦ឆ្នាំ
៣/ឈ្មោះ បឿន សុភា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង០៣ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤/ឈ្មោះសុខ មីហ្គេល ភេទប្រុស អាយុ១៩ឆ្នាំ
៥/ឈ្មោះ ភូន សុភី ភេទប្រុស ភេទអាយុ១៨ឆ្នាំ
៦/ឈ្មោះភឿន ប៊ុនធា ភេទប្រុស អាយុ១៦ឆ្នាំ
៧/ឈ្មោះ នី សុជា ភេទប្រុសអាយុ១៧ឆ្នាំ
៨/ឈ្មោះ គិត វណ្ណី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង០៥ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា នៅមុខអាវុធហត្ថជនសង្ស័យ០៣នាក់ ឈ្មោះសឹង ចំណាន, ជុំ ឆាយហាក់ និង បឿន សុភាបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលក់និងជក់គ្រឿងញៀនពិតប្រាកដមែន។ ចំពោះ០៥នាក់ទៀត គ្រាន់តែជាអ្នកប្រើប្រាស់គ្រឿងញៀន។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ក្រោយពីបានចម្លើយសារភាពហើយកម្លាំងអាវុធហត្ថជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះ ណៃ វណ្ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយបង្គំ ឃុំស្វាយបង្គំ ស្រុកស្វាយបង្គំ ខេត្តសៀមរាប បានលួចម៉ូតូពីខេត្តសៀមរាប មកលាក់ខ្លួនស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ លុះនៅយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នេះជនសង្ស័យបានជិះម៉ូតូទៅដើរលេង ក៍បានជួបអាវុធហត្ថកំពុងដាក់ប៉ុស្តិ៍ត្រួតពនិត្យអាវុធជាតិផ្ទុះ ពេលនោះកម្លាំងអាវុធហត្ថធ្វើការឆែកឆេរបានរកឃើញដាវសាំម៉ូរ៉ៃចំនួន០១ដើម កម្លាំងអាវុធហត្ថក៍ឃាត់ខ្លួនយកមកសាកសួរទើបដឹងថា ម៉ូតូក៍លួចមកពីខេត្តសៀមរាបដែរ។
ជនសង្ស័យ និងវត្ុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រគល់ឲ្យទៅកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តទៅតាមនីតិវីធីច្បាប់។
(អត្ថបទៈ ឡាក់ ភី)