ភ្នំពេញៈ ព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល បានរៀបចំប្រារព្ធពិធីសំណះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនគ្រួសារយោធិនពលី.មរណៈនិងយោធិនពិការកងរាជអាវុធហត្ថចំនួន៥០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សុផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីគណៈកម្មការចុះបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនគ្រួសារយោធិនពលី.មរណៈនិងយោធិនពិការមកពីអគ្គបញ្ជាការ,ក្រសួងការពារជាតិ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៏ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការចុះបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនគ្រួសារយោធិនពលី.មរណៈនិងយោធិនពិការបានធ្វើការផ្សព្វផ្សាយអំពីគោលរបបនិងអានអនុក្រឹត្យស្តីពីការសំរួលការកំណត់របបបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនគ្រួសារយោធិនពលី.មរណៈនិងយោធិនពិការ។
ឯកឧត្តម ឧត្តមសេនីយ៏ឯក សិុន សុផាន្នី បានមានប្រសាសន៏ថា៖បងប្អូនដែលបានបម្រើការងារនៅក្នុងអង្គភាពកងរាជអាវុធហត្ថហើយត្រូវបានពលី មរណៈ និងយោធិនពិការទាំងអស់ចំពោះរូបខ្ញុំ គឺជាការរីករាយផងដែរ ដែលបងប្អូនត្រូវបានទទួលនូវការបើកប្រាក់ឧបត្ថម្ភគោលនយោបាយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាពិសេសរាជរដ្ឋាភិបាលកម្ពុជាយើងបានយកចិត្តទុកដាក់ទៅដល់កងយោធពលខេមរភូមិន្ទរបស់យើងនិងរៀបចំជាកញ្ចប់ថវិកាសំរាប់ជូនគ្រួសារយោធិនពលី.មរណៈនិងយោធិនពិការព្រមទាំងរបបគោលនយោបាយកាត់ផ្ទេរទៅក្រសួងសង្គមកិច្ចដែលជារបបយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ឯកឧត្តមបានបន្ដទៀតថា៖ក្រោយពីទទួលបានបើកប្រាក់ឧបត្ថម្ភគោលនយោបាយរួចមកហើយត្រលប់ទៅមូលដ្ឋានវិញសូមបងប្អូនគ្រួសារនិងបងប្អូនយោធិនពិការអាវុធហត្ថទាំងអស់ពង្រឹងជីវភាពខ្លួនឯងហើយណែនាំក្រុមគ្រួសារកូនចៅធ្វើម៉ិចប្រកបរកស៊ីទទួលមានបានជាពិសេសអប់រំកូនចៅកុំអោយមានការស៊ើបគប់គ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនអោយសោះ។
ជាចុងក្រោយឯកឧត្តមបានបព្ជាក់ទៀតថា៖ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងរូបខ្ញុំផ្ទាល់នូវតែចងចាំជានិច្ចនិងដឹងគុណចំពោះវរៈដ៍អង់អាចក្លាហានរបស់នាយ.នាយរងនិងពលអាវុធហត្ថទាំងអស់ដែលបានជួយរំដោះប្រទេសជាតិអោយរួចផុតពីររបបប្រល័យពូជសាសន៍ប៉ុលពតហើយជាអ្នកជួយទប់ស្កាត់មិនអោយរបបខ្មែរក្រហមវិលត្រឡប់មកវិញឡើយមិនតែប៉ុណ្ណោះថែមទាំងបានជួយរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមធ្វើអោយស្ថាប័នជាតិប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ជឿជាក់មានការគាំទ្រស្រឡាញ់និងអង្គភាពកងរាជអាវុធហត្ថរហូតមកដល់សព្វថ្ងៃនេះ៕
(អត្ថបទៈ ងីម)