បន្ទាយមានជ័យៈ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងស្នាក់ការសន្តិសុខ៥៦៨ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សរ សុភក្រ្តា លោកអនុសេនីយ៍ឯក នួន នីណារ៉ូ និងលោកអនុសេនីយ៍ទោ ម៉ែន សុីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះពនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រហូតដល់ វេលាម៉ោង២៣និង០០នាទី ថ្ងៃដដែល និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបក្ខពួក មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន
និងបានចាប់យកបានវត្ថុតាងមួយចំនួនរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន០៣កូនថង់កិប ស្មើនឹង០,៥៥ក្រាម និងគ្រឿងញៀនប្រភេទអិុចស្តាស៊ី(ថ្នាំគ្រវី)ចំនួនកន្លះគ្រាប់ ទូរស័ព្ទដៃចំនួន០២គ្រឿង អត្តសញ្ញាណប័ណសញ្ជាតិខ្មែរ០១សន្លឹក នាឡិកាដៃចំនួន០១គ្រឿង និងកាបូបលុយចំនួន០៣។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យទាំង០៥នាក់និងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទី ១/-ឈ្មោះមក ផារិន ហៅបី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាកស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២/-ឈ្មោះតេង ដូច ភេទប្រុស អាយុ២០ឆ្នាំ
៣/-ឈ្មោះតេង ប៊ុនទី ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង០២ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤/-ឈ្មោះយ៉ែម មីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៥/-ឈ្មោះឡេង ឆេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងទៀតថា ក្នុងចំណោមជនសង្ស័យទាំង០៥នាក់ មាន០៣នាក់ជាប់ពាក់ព័ន្ធជាមួយករណី រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំណែក០២នាក់ទៀតមិនជាប់ពាក់ព័ន្ធទេគឺឈ្មោះតេង ប៊ុនទី និងឈ្មោះឡេង ឆេង។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់ ដែលជាប់ពាក់ព័ន្ធត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែក០២នាក់មិនជាប់ពាក់ព័ន្ធត្រូវបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។
(អត្ថបទៈ ឡាក់ ភី)