បន្ទាយមានជ័យៈ ដោយអនុវត្តន៍តាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាល់តឿន ក្រៀនរំលឹក ដល់នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវតែយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើស ដែលកើតមានឡើងនៅក្នុងសង្គម ដែលបង្កអោយប៉ះពាល់ដល់សេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវរួមសុខ រួមទុក្ខ
ជាមួយបងប្អូនប្រជាពលរដ្ឋ អោយបានគ្រប់ពេលវេលា មិនថានៅកាលៈតេសៈយ៉ាងណាក៏ដោយ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង៣០នាទី លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ អ៊ុំ រ៉ាត់ នាយរងសេនាធិការ ប្រចាំទិសប៉ោយប៉ែត ព្រមទាំងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយ ទៅចែកជូន លោកយាយ ឈ្មោះផន ពៅ អាយុ៦៥ឆ្នាំ ដែលមានជម្ងឺប្រចាំកាយ គ្មានទីពឹងស្នាក់នៅលើចំណីផ្លូវក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អំណោយរួមមាន អង្ករ៥០គីឡូក្រាម, កាំបិតធំតូចចំនួន០២, ស្លាបព្រា០១ឡូ, ប៊ីចេង០៣គីឡូក្រាម, ខ្ទឹម០១គីឡូក្រាម, អំបិល០៣គីឡូក្រាម, ស្កសរ០៣គីឡូក្រាម, ប្រេងឆា០១កាដុង, ប្រេងខ្យង០១ដប, ទឹកត្រី០១យួរ, ត្រីខ០២យួរ, ទឹកស៊ីអីុវ០១យួរ, មី០២កេស សរុបថវិកាអស់ចំនួន ៣០២០០០៛(សាមសិបម៉ឺនពីរពាន់រៀល) និងថវិកាផ្ទាល់ខ្លួន របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ ចំនួន ៥០០០០០៛(ហាសិបម៉ឺនរៀល) បន្ថែមទៀតផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)