បាត់ដំបងៈ អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចាប់ផ្តើមធ្វើតេស្ថទឹកនោមទៅលើនាយនាយរងអាវុធហត្ថ ដើម្បីរកមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀនក្នុងជួរកងកម្លាំងអាវុធ ក្នុងវិធានការរិតបន្តឹងពង្រឹង ដល់កងកម្លាំងប្រដាប់អាវុធ ជាអ្នកអនុវត្តច្បាប់មានតួនាទីភារកិច្ចបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន ក្នុងការអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសរយៈពេល៦ខែលើកទី១ដាក់ចេញដោយរាជរដ្ឋាភិបាកម្ពុជា ចាប់ផ្តើម និងកំពុងអនុវត្តរយៈពេល៣១ថ្ងៃមកហើយ គឺគិតចាប់ពីថ្ងៃទី១មករា ឆ្នាំ២០១៧ មកដល់ពេលនេះ។
ការធ្វើតេស្ថទឹកនោមក្នុងជួរកងកម្លាំងអាវុធខេត្តបាត់ដំបង គឺធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ចាប់ផ្តើមនៅថ្ងៃដំបូងនៅអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង។
ក្នុងនោះមាននាយនាយរងអាវុធហត្ថ៣០នាក់បានធ្វើតេស្ថទឹកនោម រកឃើញថាកម្លាំងអាវុធហត្ថទាំង៣០នាក់នោះគ្មានផ្ទុកសារធាតុគ្រឿងញៀននៅក្នុងខ្លួនឡើយ។
គ្រាដែលមេបញ្ជាការ កងរាជអាវុធត្ថខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ ក្នុង ពិធីផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ ពីគ្រឿងញៀន ជូនដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោកបានលើកឡើងនិងដាក់បទបញ្ជា ដល់អង្គភាពអាវុធហត្ថខេត្ត ក្រោមបង្គាប់ត្រូវប្រមូលផ្តុំនាយនាយរងអាវុធហត្ថទាំងអស់ដើម្បីធ្វើតេស្ថទឹកនោមរកសារធាតុគ្រឿងញៀន។
បើសិនរកឃើញថានាយនាយរងអាវុធហត្ថរូបណាមានផ្ទុកសារធាតុគ្រឿងញៀនក្នុងស្ថានភាពធ្ងន់ធ្ងរ និងប្រឈមកាត់ចេញពីក្របខ័ណ្ឌ ។
លោកមេបញ្ជាការបានលើកឡើងទៀតថា យើងជាកងកម្លាំងប្រដាប់អាវុធមានតួនាទីបង្រ្កាបគ្រឿងញៀន បើសិនកងកម្លាំងប្រដាប់អាវុធហត្ថទៅប្រព្រឹត្តបទល្មើសគ្រឿងញៀនគឺការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្មានប្រសិទ្ធភាពនោះឡើយ។
ពីព្រោះក្រុមឧក្រិដ្ឋជនគ្រឿងញៀនវាជ្រកនៅក្រោមកងកម្លាំងប្រដាប់អាវុធហត្ថដែលជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន។
ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់ពីគ្រឿងញៀននៅសាលាវិទ្យាល័យបៀលប្រាយដែលមាននិស្សិតចូលរួមជាង២០០នាក់នោះដែរ ។
លោកឧត្តមសេនីយ៍ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់តឿនដល់និស្សិតទាំងអស់នៅឱ្យឆ្ងាយពីគ្រឿងញៀន ។គ្រឿងញៀនជាឃាតករបិទមុខដែលនាំឱ្យអ្នកដែលញៀនគ្រឿងញៀនឈានទៅប្រព្រឹត្តអំពើឃោឃៅកាប់សម្លាប់ឳពុកម្តាយប្អូនខ្លួនឯង និងបង្កឱ្យប៉ះពាល់សន្តិសសង្គមយ៉ាងធ្ងន់។មូលហេតុមួយចំនួនដែលធ្វើឱ្យមានការប្រើប្រាស់គ្រឿងញៀនមានកត្តាជាច្រើនដូចជាៈ
១,ការអូសទាញពីមិត្តភក្តិ
២,ចង់សាកល្បងគ្រឿងញៀន
៣,ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ
៤,ការបង្ខំ និង៥,អស់ជំរើស។
សូមបញ្ជាក់ថា នៅខេត្តបាត់ដំបងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល២៤ថ្ងៃ គឺប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយកងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលសរុប១០០លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន១៤៨នាក់ ចាប់យកបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទឹកកកមានទម្ងន់១០៧.៥២ក្រាម ថ្នាំញៀនមេតំហ្វេតាមីនWY ៤០៤គ្រាប់ និងថ្នាំញៀនខេអ៊ិចស្រ្តាស៊ីទម្ងន់០.៣៤ក្រាម។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញញៀនទូទាំងប្រទេសលើកទី១រយៈពេល៦ខែ ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះមានរយៈពេល២៥ថ្ងៃមកហើយ ត្រូវគេមើលឃើញថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនរួមមានៈ
១,បង្ការទប់ស្កាត់និងបង្រ្កាបដល់មេខ្លោងជួញដូរ លក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន
២,វិធានការស្តាកាយសម្បទាដល់ អ្នកប្រើប្រាស់គ្រឿងញៀន និង៣,វិធានការផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់ពីគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត មន្រ្តីរាជការនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យនៅឆ្ងាយពីគ្រឿងញៀន៕
(អត្ថបទៈ ចិន្តា)